ក្រុមហ៊ុន​កសិកម្ម​ក្នុងស្រុក​បង្ហាញ ​ការអនុវត្ត​ការ​ធ្វើ​ស្រែ​តំបន់​មួយ ពូជ​មួយ​

460

ភ្នំពេញ ៖   តំណាងក្រុមហ៊ុនអេង ឌីប៉ូ បានលើកឡើងថា សម្រាប់កសិករដែលចង់បានទីផ្សារស្រូវសុទ្ធល្អ និងមានកិត្យានុភាពកសិកម្មគួរអនុវត្តន៍ “តំបន់មួយ ពូជមួយ” ទើបផលិតផលស្រូវលក់បានតម្លៃខ្ពស់ គ្មានការបង្អាប់ ថ្លៃ និងសម្រួលការនាំចេញផងដែរ។

លោក តាំង សុខឃី ជំនួយការក្រុមហ៊ុនអេង ឌីប៉ូ អភិវឌ្ឍន៍ បានលើកឡើង ក្នុងការចុះពិនិត្យនៅលើគម្រោងស្រែ យក្ស ដែលជាស្នាដៃកូនខ្មែរ ស្ថិតនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃម្សិលម៉ិញថា រាជរដ្ឋាភិបាលបានផ្តល់ឱកាសដល់កសិករគ្រប់រូប ធ្វើការផលិត និងលក់ ប៉ុន្តែដោយសារកសិករ មិនទាន់បានធ្វើស្រែតាមប្រពលវប្បកម្ម គឺធ្វើស្រែពឹងមេឃ ដោយគ្មានប្រព័ន្ធធារាសាស្ត្រ ការពង្រាប ដី ការជ្រើសរើសពូជ និងការថែទាំបានល្អ នៅពេលកសិករអនុវត្តន៍បានបែបនេះ គឺឈ្មួញមិនហ៊ានបង្អាប់ ថ្លៃនោះឡើយ ហើយឈ្មោះស្រូវនៅតំបន់ របស់ពួកគាត់មានកិត្យានុភាពយ៉ាងខ្លាំងផងដែរ ។

លោក តាំង សុខឃី បន្តថា ដោយសារតែក្រុមហ៊ុនរបស់លោកមានបទពិសោធន៍១០ឆ្នាំ នៅលើគម្រោងទី១ ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាលនោះ ឥឡូវនេះ បានមកទិញដីពីប្រជាកសិករនៅទីនេះ ដើម្បីអភិវឌ្ឍន៍កសិកម្មនៅលើផ្ទៃដីជាង២ម៉ឺនហិកតា។ គម្រោងនេះ ក៏មានការគាំទ្រពីលោកអភិបាលខេត្តកំពង់ចាម និងមានការគាំទ្រពីស្ថាប័នជំនាញដទៃទៀតផងដែរ ដែលផ្តល់ការសង្ឃឹមយ៉ាងមុតមាំ នៅលើការអនុវត្តន៍គម្រោងស្រែយក្សនេះ ។

តំណាងក្រុមហ៊ុនរូបនេះ បន្តថា សម្រាប់គោលការណ៍របស់ក្រុមហ៊ុន នឹងអភិវឌ្ឍន៍តាមជំហានគីង្គក់ មួយជំហានម្តងៗ ហើយធ្វើយ៉ាងណា មិនឱ្យប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះឡើយ ក្នុងនោះ ប្រសិនបើពួកគាត់មិនចង់ធ្វើកសិកម្មដំណាំស្រូវ ហើយចង់លក់ដី គឺក្រុមហ៊ុនទទួលទិញតាមការយល់ព្រមដោយគ្មានការចាប់បង្ខំនោះឡើយ ។ ចំណែក កសិករដែលនៅជិតគម្រោង អភិវឌ្ឍន៍របស់ក្រុមហ៊ុនវិញ ប្រសិនបើពួកគាត់មានការខ្វះទឹកសម្រាប់ការអភិវឌ្ឍ នៅលើផ្ទៃដីដាំដុះរបស់ពួកគាត់ គឺក្រុមហ៊ុននឹងចែកទឹកជូនប្រជាពលរដ្ឋនៅជាប់តំបន់នេះ ដោយមិនគិតប្រាក់នោះឡើយ ។

លោក តាំង សុខឃី បានលើកឡើងថា ក្រុមហ៊ុន អេង ឌីប៉ូអភិវឌ្ឍ បានចាត់ទុកថា ដំណាំស្រូវគឺជាដំណាំមួយ ដែលផ្សារភ្ជាប់ជាមួយវប្បធម៌ សាសនា និងសេដ្ឋកិច្ច ហើយវាមានសក្ដានុពលយ៉ាងខ្លាំង ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិកម្ពុជា ដោយលោករំពឹងថា ប្រសិនបើប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រើប្រាស់ពូជមួយក្នុងតំបន់មួយបែបនេះ នឹងអាចជួយជម្រុញគោលនយោបាយនាំចេញស្រូវអង្ករ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបាន១លានតោនក្នុងមួយឆ្នាំនោះ នឹងបានសម្រេចតាមគោលការណ៍ជាមិនខាន ៕

dyy dy ddy dd