អ្នក​ប្រណាំង Maverick Vinales​ យកឈ្នះ​ការប្រកួត MotoGP​ លើកដំបូង​នៅ Silverstone

590

ប្រណាំងម៉ូតូ៖ កីឡាករប្រណាំងម៉ូតូអេស្ប៉ាញ Maverick Vinales បានដណ្ដើមយកជ័យជំនះដំបូងក្នុងការប្រកួត MotoGP ឲ្យក្រុម Suzuki នៅទីលាន Silverstone ចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ ខណៈដែលកីឡាករម្ចាស់ស្រុក Cal Crutchlow បានបញ្ចប់នៅលំដាប់ទី២ ក្រោយចេញដំណើរជាម្ចាស់ Pole Positions។M18
Maverick Vinales គេធ្វើបានល្អណាស់ដោយប្រើពេលវេលាត្រឹមតែ ៣៩នាទី ០៣.៥៥៩វិនាទី, លេខ២ កីឡាករនៃក្រុម LCR Honda, Cal Crutchlow តាមពីក្រោយចំនួន 3.480វិនាទី, លេខ៣ កីឡាករជើងឯក ៧ សម័យ Valentino Rossi នៃក្រុមផលិត Yamaha ប្រើពេលយឺតជាង 4.063វិនាទី និងលេខ៤ កីឡាករកំពុងនាំមុខលើតារាងជើងឯកបច្ចុប្បន្ន Marc Marquez យឺតជាង 5.992វិនាទីផងដែរ។ ក្រោយចប់ការប្រកួតទីលានទី១២ រួចហើយក្នុងរដូវកាលនេះ Marc Marquez សញ្ជាតិអេស្ប៉ាញលេខ១ មាន ២១០ពិន្ទុ, លេខ២ កីឡាករ Valentino Rossi មាន ១៦០ពិន្ទុ និងលេខ៣ កីឡាករ Jorge Lorenzo មាន 146ពិន្ទុ ខណៈដែល Maverick Vinales អ្នកនៅទីនេះឡើងមកឈរលេខ៤ មាន ១២៥ពិន្ទុ និងធ្វើឲ្យក្រុម Zusuki ឡើងមកឈរលើកំពូលជាលើកដំបូងតាំងពីឆ្នាំ ២០០៧ មក។ ដោយឡែកឯការប្រកួតនៅលើប្រភេទម៉ូតូ ២ វិញកីឡាករប្រណាំងម៉ូតូ Thomas Luthi ជាអ្នកឈ្នះក្រោយពេលដែលមានការប៉ះទង្គិចគ្នា Sam Lowes បុកជា Johann Zaco។ រីឯជើងឯកលើប្រភេទម៉ូតូ ៣ បានទៅកីឡាករអាហ្វ្រិកខាងត្បូង Brad Binder។ គួរបញ្ជាក់ថាការប្រកួតនៅលើទីលានទី១៣ នឹងធ្វើឡើងថ្ងៃអាទិត្យចុងសប្ដាហ៍នេះនៅ San Marino៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ