FFC ប្រកាស​លើក​ពេល U-16 ​កម្ពុជាប្រកួត​មិត្តភាព​ជាមួយ U-15 ​ចិន តែ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ថ្មី

506

បាល់ទាត់៖ ដោយសារមានការស្នើសុំពន្យារពេលពីខាងភាគីស្ថានទូតចិន នៃការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា និងក្រុមជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំចិន ដែលគ្រោងធ្វើឡើងនាថ្ងៃទី១១ ខែកញ្ញាខាងមុខនោះនៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសលើកពេលប្រកួតនេះហើយ ប៉ុន្តែមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទជួបគ្នាជាថ្មីនោះទេ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធក៏បានបញ្ជាក់ឲ្យដឹងដែរថា សម្រាប់អ្នកគាំទ្រដែលបានទិញសំបុត្រត្រៀមចូលទស្សនាជំនួបមិត្តភាពនេះហើយ គឺអាចយកទៅប្ដូរយកប្រាក់វិញបាននៅកន្លែងលក់សំបុត្រនៅពហុកីឡដ្ឋានជាតិចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រសប្ដាហ៍នេះ ខណៈសំបុត្រត្រូវបានសហព័ន្ធដាក់លក់ជាផ្លូវការតាំងពីថ្ងៃទី០២ ខែកញ្ញាកន្លងទៅម្ល៉េះ។ គួរបញ្ជាក់ថា ជំនួបមិត្តភាពរវាងក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា និងក្រុមជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំចិន ដែលគ្រោងជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិចុងសប្ដាហ៍នេះ គឺធ្វើឡើងក្នុងគោលបំណងអបអរសាទរទំនាក់ទំនងការទូតកម្ពុជា-ចិន និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ប៉ុន្តែគួរឲ្យស្ដាយត្រូវបានពន្យារពេលបែបនេះ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានជូនដំណឹងលើទំព័រហ្វេកប៊ុកផ្ទាល់ខ្លួនដែរថា ចំពោះការសម្រេចចិត្តកំណត់កាលបរិច្ឆេទប្រកួតថ្មីសហព័ន្ធនឹងជូនដំណឹងតាមក្រោយ ប៉ុន្តែពេលនេះនៅមិនទាន់ដឹងនៅឡើយទេ៕

អត្ថបទ លី ឈុនឡា