ធនាគារ​ចិន​នឹង​ពង្រីក​សាខា​បន្ថែម​នៅ​កម្ពុជា​បន្ទាប់ពី​សាខា​នៅ​ភ្នំពេញ​

1401

ភ្នំពេញ៖ ធនាគារចិននៅកម្ពុជា បានបង្ហាញពីផែនការពង្រីកបន្ថែមនូវសាខារបស់ខ្លួននៅកម្ពុជា ពិសេសឆ្ពោះទៅកាន់ខេត្តមានសក្ដានុពលសេដ្ឋកិច្ច ដូចជា ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ក្នុងជំនួបជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជានាព្រឹកថ្ងៃទី៥ កញ្ញានេះ ឯកឧត្ដម សិន ស៊ីជីង ប្រធានធនាគារចិនបានជម្រាបជូនឯកឧត្ដមឧបនាយរដ្ឋមន្ត្រីថា ធនាគារចិន(Bank of China) បានបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១០ ហើយគោលបំណងរបស់ឯកឧត្ដម និងប្រតិភូមកកម្ពុជាលើកនេះ គឺដើម្បីស្វែងយល់ពីអ្វីដែលធនាគារចិន ត្រូវធ្វើក្រោមគោលនយោបាយខ្សែក្រវាត់មួយផ្លូវមួយរបស់ចិន និងឱកាសវិនិយោគបន្ថែមនៅកម្ពុជា។

ឯកឧត្ដមសង្ឃឹមថា នឹងមានអ្នកវិនិយោគទុនចិនជាច្រើនមកវិនិយោគនៅតំបន់អាស៊ាន ក្នុងនោះមានកម្ពុជាផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៏ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនកាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយចិននៅតែបន្តជួយដល់កម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ហើយយើងនឹងបន្តពូនជ្រំចំណងមិត្តភាពដ៏ល្អនេះ ជាបន្តទៀត។

ឯកឧត្ដម បានរំលឹកពាក់ព័ន្ធទៅធ្វើទស្សនកិច្ចនៅទីក្រុងឈីងតាវ នៃខេត្តឈុងឈីង សាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះ ក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីចិន ហ្សាង កៅលី លើកិច្ចសហប្រតិបតិ្តការនានាពិសេសលើវិស័យសេដ្ឋកិច្ច ក្នុងនោះ ក៏បានឈានដល់ការចុះកិច្ចព្រមព្រៀងរវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែក្រុងស៊ីងតាវ ដែលរហូតមកដល់ពេលនេះ មានកប៉ាលដឹកទំនិញពីកំពង់ផែក្រុងស៊ីងតាវ បានមកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន៣ទៅ៤ជើងក្នុង១សប្ដាហ៍។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ធនាគារចិន ក៏ដូចជាក្រុមហ៊ុនចិននានាដែលបានបោះទុនវិនិយោគនៅកម្ពុជា ដែលស្តែងឲ្យឃើញពីទំនុកចិត្ត និងការជឿជាក់របស់វិនិយោគិនបរទេសមកលើស្ថានភាព និងសេ្ថរភាពនយោបាយ ព្រមទាំងឱកាសវិនិយោគល្អប្រសើរនៅកម្ពុជា រួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

ឯកឧត្ដម សិន ស៊ីជីង ប្រធានធនាគារចិន បានបញ្ជាក់ឲ្យដឹងផងដែរថា កិច្ចសហប្រតិបត្តិការរវាងកំពង់ផែក្រុងស៊ីងតាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាការល្អប្រសើរណាស់ ព្រោះថាការធ្វើនាវាចរណ៍ដោយត្រង់ធ្វើឲ្យការដឹកជញ្ជូនទំនិញមានភាពងាយស្រួល ចំណេញពេលវេលា និងសោហ៊ុយ ហើយវាក៏ជាផ្នែកមួយនៃផ្លូវសូត្រសមុទ្រផងដែរ។

ឯកឧត្ដម បានសម្ដែងសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលបង្ហាញនូវភាពរឹងមាំក្នុងអត្រាជាមធ្យម៧%ក្នុង១ឆ្នាំ ក្នុងរយៈពេលជាង១០ឆ្នាំជាប់ៗគ្នា អត្រានៃភាពក្រីក្របានធ្លាក់ចុះយ៉ាងលឿននិងកម្រិតជីវភាពប្រជាពលរដ្ឋ ត្រូវបានកែលំអយ៉ាងឆាប់រហ័ស។

ឯកឧត្ដម បានសន្យាថា ពេលត្រឡប់ទៅប្រទេសចិនវិញ ឯកឧត្ដម នឹងផ្សព្វផ្សាយពីសក្ដានុពល និងឱកាសវិនិយោគដ៏ល្អនៅកម្ពុជា ហើយសង្ឃឹមថា នឹងមានអ្នកវិនិយោគចិនមកបោះទុននៅកម្ពុជាកាន់តែច្រើនថែមទៀត ហើយធនាគារចិន នឹងផ្តល់សេវាដ៏ប្រសើរដល់អ្នកវិនិយោគនៅកម្ពុជា ពិសេសវិនិយោគិនចិន៕