​ការ​បើក​ជើង​ហោះហើរ​ត្រង់​ពី​តូ​ក្យូ​ មក​ភ្នំពេញ ​បង្កើន​ការ​វិនិយោគិន ​និង​ទាក់ទាញ​ទេសចរ​ជប៉ុន​មក​កម្ពុជា

281

ភ្នំពេញ ៖ ការបើកជើងហោះហើរត្រង់រវាងប្រទេសជប៉ុន និងកម្ពុជា មិនត្រឹមតែទាក់ទាញទេសចរជប៉ុនមកកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងទាក់ទាញអ្នកវិនិយោគទុនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។

អ្នកជំនាញនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនហៅកាត់ថា ចេត្រូ (JETRO) បានវាយតម្លៃថា ការបើកជើងហោះហើរ ត្រង់រវាងភ្នំពេញ-តូក្យូ របស់ក្រុមហ៊ុន All Nippon Airways(ANA) ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១ខែកញ្ញា ឆ្នាំ២០១៦ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរជប៉ុនកាន់តែច្រើនមកកាន់កម្ពុជា ប៉ុណ្ណោះទេនឹងជម្រុញការវិនិយោគិនជប៉ុនមកវិនិយោគលើវិស័យផ្សេងៗថែមទៀត។

លោក អ៊ីសាអូ ម៉ាណាបេ (Isao Manabe) អ្នកទទួលបន្ទុកនៃនាយកដ្ឋានស្រាវស្រាវជ្រាវបរទេសនៃការិយាល័យប្រចាំតំបន់អាស៊ី និងអូសេអានីរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសជប៉ុនថ្លែងថា នេះ គឺជាផលវិជ្ជមានក្នុងការពង្រីកទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុនតាមរយៈដំណើរការហោះហើរត្រង់ និងទៀងទាត់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា។

លោក បានបន្តទៀតថា កម្ពុជានឹងក្លាយជាដៃគូពាណិជ្ជកម្មកាន់តែធំរបស់ជប៉ុននិងជាទិសដៅទេសចរណ៍បន្ទាប់ពីការតភ្ជាប់ការហោះហើរត្រង់និងទៀងទាត់ហើយនោះ។ លោក បានបញ្ជាក់ថា កាលពីឆ្នាំ២០១៥ អង្គការចេត្រូ ដែលបង្កើតការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជានា ខែកុម្ភៈ ឆ្នាំ២០០៩ បានធ្វើការសាកសួរដល់ក្រុមហ៊ុនជប៉ុនចំនួន ១៨៨អំពីការវិនិយោគរបស់ពួកគេ នៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះក្រុមហ៊ុនចំនួន ៩៧បានធ្វើការឆ្លើយតប។

លោកបានបន្ថែមថា ក្រុមហ៊ុនភាគច្រើនវិនិយោគលើវិស័យកាត់ដេរ ស្បែកជើងស្រោមដៃជាដើម ហើយរយៈពេលចុងក្រោយ ការវិនិយោគលើផ្នែកភោជនីយដ្ឋានក៏មានការកើនឡើងផងដែរ។

ចំណែក លោកហ៊ីរ៉ូមីតស៊ឹ ហ្សូ( Hiromitsu Sho) អ្នកទទួលខុសត្រូវផ្នែកនាយកដ្ឋានកិច្ចការរដ្ឋបាលរបស់ JETRO បានលើកឡើងថា សហគ្រាសជប៉ុននៅកម្ពុជាមិនទាន់ចំណេញនៅឡើយទេ លើការវិនិយោគរបស់ខ្លួនដោយសារតែជាដំណាក់កាលចាប់ផ្តើម ហើយពួកគាត់ត្រូវការពេលវេលាយូរ ដើម្បីទទួលបានប្រាក់ចំណេញមកវិញ។

លោក បានបន្តថា ថ្មីៗនេះមានសហគ្រាសជប៉ុនមួយចំនួនបានមកពិគ្រោះយោបល់ជាមួយចេត្រូ ដើម្បីមកវិនិយោគវិស័យចំណីអាហារនៅកម្ពុជាខាងចំណីអាហារ និងចង់នាំបន្លែស្រស់ ត្រីស្រស់មកកាន់កម្ពុជាតាមរយៈជើងហោះហើរត្រង់។

យោងតាម របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC)បង្ហាញថា គម្រោងវិនិយោគនៃក្រុមហ៊ុនជប៉ុន នៅកម្ពុជាចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៥មានទឹកប្រាក់ ៨០១លានដុល្លារអាមេរិក។ តួលេខដែលផ្តល់ដោយអង្គការJETROបង្ហាញថា ការនាំចូលពីជប៉ុនមកកម្ពុជា កើនពី ១៥៨លានដុល្លារអាមេរិកនៅឆ្នាំ២០១០ មក ៣០២លានដុល្លារអាមេរិកនៅឆ្នាំ២០១៥ ឬការនាំចេញពីកម្ពុជាទៅជប៉ុនកើនពី ២០៨លានដុល្លារអាមេរិកនៅ ឆ្នាំ២០១០ ទៅ ៩៦៨លានដុល្លារអាមេរិកនៅឆ្នាំ២០១៥។

រយៈពេល៦ខែដើមឆ្នាំ២០១៦នេះកម្ពុជា ទទួលបានទេសចរអន្តរជាតិចូលមកកម្ពុជាជាង ២លាននាក់(២,៣៦០,៩៣២នាក់) កើនឡើងប្រមាណ២,៦ភាគរយប្រៀបធៀបរយៈពេល ដូចគ្នាទៅ នឹងឆ្នាំ២០១៥ ។ រយៈពេល ៦ខែដើមឆ្នាំ២០១៦នេះ ភ្ញៀវទេសចរចិនកូរ៉េថៃអាម៉េរិក ជប៉ុន អង់គ្លេស បារាំង អូស្ត្រាលីសុទ្ធតែមានការកើនឡើង ហើយទេសចរជប៉ុនបានកើនឡើង៣%៕