សភា​កម្ពុជា​ជោគជ័យ​ក្នុង​ការ​ទាមទារ​អោយ​អាយ​ប៉ា​ដក​ការ​គាំទ្រ​សេចក្ដី​សម្រេច​តុលាការ​ឡា​អេ រឿង​សមុទ្រ​ចិន​ខាងត្បូង​

188

ភ្នំពេញ ៖ ប្រតិភូសភាកម្ពុជាមិនឯកភាពនិងមិនគាំទ្រ ការដាក់អោយសមាជិកអាយប៉ាទាំង១០គាំទ្រសេចក្ដីសម្រេចរបស់តុលាការទីក្រុងឡាអេ ដែលបានសម្រេចអោយប្រទេសហ្វីលីពីនឈ្នះក្ដីក្នុងរឿងសមុទ្រចិនខាងត្បូង ទៅតាមសំណើរបស់ប្រទេសសមាជិកអាស៊ានមួយចំនួនដែលពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនខាងត្បូងនោះឡើយ។

ការទាមទារនេះទទួលបានជោគជ័យដោយបញ្ហានេះមិនត្រូវបានដាក់ក្នុងសេចក្ដីថ្លែងការណ៍រួមអាយប៉ាអាស៊ានឡើយ។

នេះបើតាមការលើកឡើងរបស់ឯកឧត្ដមជាម យៀបសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជាប្រាប់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញាបន្ទាប់ពីដឹកនាំគណៈប្រតិភូសភាកម្ពុជាមួយក្រុមនិវត្តន៍ពីចូលរួមប្រជុំរវាងមេដឹកនាំអាស៊ានជាមួយថ្នាក់ដឹកនាំអន្តរសភាអាស៊ានលើកទី២៨និងលើកទី២៩ ដែលបានចាប់ផ្តើមពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នៅទីក្រុងវាងច័ន្ទ ប្រទេសឡាវ។

ឯកឧត្ដមជាម យៀបបញ្ជាក់ទៀតថា បន្ទាប់ពីមានការពិភាក្សាគ្នាយ៉ាងស្វិតស្វាញ លើកថាខណ្ឌទី១១នៃសេចក្ដី ព្រាងថ្លែងការណ៍រួមអាយប៉ា ទើបមានការសម្របសម្រួលពីប្រទេសឡាវជាប្រធានហើយបានឯកភាពគ្នាតាមសំណើ របស់សភាកម្ពុជា ដកចេញនូវសំណើអោយអាយប៉ាគាំទ្រសេចក្ដីសម្រេចតុលាការទីក្រុងឡាអេ អោយប្រទេសហ្វីលីពីនឈ្នះក្នុងរឿងសមុទ្រចិនខាងត្បូងនោះ៕