ប្រទេស​​មួយ​ចំនួន​​សន្និដ្ឋាន​ថា ការ​រញ្ជួយ​ដី​​នៅ​​កូរ៉េ​​​ខាង​ជើង​បណ្ដាល​មក​ពី​ការ​សាក​ល្បង​នុយក្លេអ៊ែរ​លើក​ទី​៥

314

កូរ៉េខាងត្បូង៖ ភ្នាក់ងារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងឲ្យដឹងថា ការរញ្ជួយដីដែលកើតឡើងនៅតំបន់ មានការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះ វាជាកំណត់ត្រាមួយនៃការរញ្ជួយនៅថ្ងៃសុក្រនេះត្រូវគេសង្ស័យថា បណ្ដាលមកពីការសាកល្បងនុយក្លេអ៊ែរលើកទី៥ របស់កូរ៉េខាងជើង។

f4

ភ្នាក់ងារផ្នែកភូមិសាស្ត្រ និងអង្កេតភាពញ័ររបស់ចិន, អឺរ៉ុប និងសហរដ្ឋអាមេរិកបានរាយការណ៍ថា ការរញ្ជួយនេះកើតឡើងនៅវេលាម៉ោង ០០ និង ៣០នាទីម៉ោងនៅក្នុងតំបន់។ ចំណែកមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងឲ្យដឹងថា ការរញ្ជួយនេះសង្ស័យទៅលើបញ្ហាសាកល្បងនុយក្លេអ៊ែរ ហើយធ្វើឲ្យទីក្រុងសេអ៊ូលចេញប្រកាស បើកការប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់។ រីឯមណ្ឌលបណ្ដាញត្រួតពិនិត្យរញ្ជួយដីចិននិយាយថា ការរញ្ជួយនេះគឺសង្ស័យមកពីការបាញ់បង្ហោះនុយក្លេអ៊ែរ។ អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុនក៏បាននិយាយថា ការរញ្ជួយនេះមានកម្រិតខ្ពស់ជាព្រឹត្តិការណ៍បង្ហាញថា កូរ៉េខាងជើងមានដំណើរការសាកល្បងនុយក្លេអ៊ែរធ្វើឲ្យមានរញ្ជួយដីកម្រិត ៥.៣រ៉ិកទ័រ។ ក្រុមភូគព្ភសាស្ត្រអាមេរិកឲ្យដឹងថា ការសាកល្បងនុយក្លេអ៊ែរក្នុងខែមករា ធ្វើឲ្យមានការរញ្ជួយដីកម្រិត ៥.១រ៉ិកទ័ររួចមកហើយ។ កូរ៉េខាងជើងកំពុងស្ថិតនៅក្រោមទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់តាំងពីបានសាកល្បងគ្រាប់អាតូមីកលើកដំបូងក្នុងឆ្នាំ២០០៦ កន្លងមក៕

អត្ថបទ៖ រិទ្ធី