ការ​អភិវឌ្ឍ​ន៍វិស័យ​ឯកជន​កំពុង​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ​ពី​សំណាក់​រាជរដ្ឋាភិបាល​

289

ភ្នំពេញ ៖ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច បានថ្លែងថា ការអភិវឌ្ឍន៍វិស័យឯកជនកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រីបានថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការក្រុមហ៊ុនយូ ភី អិល អឹម អិលគ្រុប ស្ថិតនៅផ្សារសុវណ្ណា កាលពីថ្ងៃអាទិត្យម្សិលម៉ិញថា វិស័យឯកជននៅកម្ពុជាជាក្បាលម៉ាស៊ីន ដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ការដាក់អោយដំណើរការក្រុមហ៊ុនយូ ភី អិល អឹម អិលគ្រុប នេះជាការឆ្លុះបញ្ចាំងមួយទៀតនូវការលូតលាស់ឥតឈប់ឈរនៃវិស័យឯកជន នៅកម្ពុជា ធ្វើអោយមានកំណើនការងារសមធម៌ និងប្រសិទ្ធិភាពដែលបានកំណត់ការអភិវឌ្ឍន៍ វិស័យឯកជន បេសកកម្មអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បន្តថា ការចាប់ផ្តើមវិនិយោគរបស់ក្រុមហ៊ុន យូ ភី អិល អឹម អិលគ្រុប នៅពេលនេះ ជាការបញ្ជាក់ច្បាស់មួយទៀត ពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ថេរ ភាពនយោបាយ សំរាប់បង្កការងាយស្រួលដល់អ្នកវិនិយោគ និងការធ្វើអាជីវកម្មនៅកម្ពុជា។ នៅកម្ពុជាមានទីផ្សារទំនើបៗខ្នាតតូច មធ្យម និងខ្នាតធំអន្តរជាតិដូចជា ផ្សារអេអន ផ្សារសូរិយា ផ្សារសុវណ្ណា កំពុងប្រកួតប្រជែងនៅក្នុងទីផ្សារដែលទើបមានភាពរីកចំរើននេះ។

លោកជំទាវបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យជីវភាពរបស់ប្រជាជនមានការកើនឡើងជាលំដាប់ អាត្រានៃភាពក្រីក្ររបស់ប្រជាជនបានធ្លាក់ចុះគួរឲ្យកត់សំគាល់។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាបានឡើងឋានៈពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយរំពឹងទុកថា នឹងឡើងចំណាត់ថ្នាក់ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

ជាក់ស្តែង វិស័យសេដ្ឋកិច្ចនៅឆ្នាំ២០១៦អាចនឹងសម្រេចបានកំនើនក្នុងរង្វង់៧,១% និងអតិផរណារំពឹងទុកថា និងស្ថិតនៅក្នុងកម្រិតទាប១,៩%តែប៉ុណ្ណោះ ហើយចំណូលមធ្យមរបស់ប្រជាជនម្នាក់ៗមានការកើនឡើង៕

men-somon1 men-somon