មន្ត្រី​ជាន់​ខ្ពស់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​៖ ​ប្រជាពលរដ្ឋ​តាម​ខេត្ត​មួយ​ចំនួន​កំពុង​ប្រឈម​ភាព​រាំងស្ងួត​

102

ភ្នំពេញ៖ អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃចន្ទ ទី១២ ខែកញ្ញានេះ ឲ្យដឹងថា មកដល់ពេលនេះ ដីស្រែចម្ការប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនកំពុងប្រឈមភាពរាំងស្ងួត ហើយថាក្នុងអំឡុងពេល១០ថ្ងៃទៀត បើសិនមិនមានទឹកភ្លៀងធ្លាក់នោះទេ ដីស្រែប្រមាណជិត៥០%នឹងរងការខូចខាត។

ក្នុងកិច្ចប្រជុំ ស្តីពីការបង្កើតគណៈកម្មការដឹកនាំគម្រោង ពង្រឹងការសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយ និងគម្រោងកាត់បន្ថយហានីភ័យគ្រោះមហន្តរាយនៅមូលដ្ឋានសហគមន៍ នៅសណ្ឋាគារមួយនារាជធានីភ្នំពេញ ឯកឧត្ដមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្លែងថា ក្នុងរដូវទឹកឡើងឆ្នាំនេះ ទឹកទន្លេមេគង្គឡើងមិនដល់៥០%នោះទេ ហើយថាក្នុងអំឡុងពេលនេះ បើកូនរដូវប្រាំងនៅតែបន្តអូសបន្លាយ នោះនឹងបង្កហានីភ័យខ្លាំងដល់វិស័យកសិកម្ម ពិសេសដំណាំស្រូវដែលកំពុងលូតលាស់ត្រូវការទឹក។

ឯកឧត្ដម ញឹម វណ្ណដា បន្ថែមថា នៅដើមរដូវឆ្នាំនេះ គឺមានប្រជាពលរដ្ឋធ្វើស្រែចំការដំណាំដុះផ្សេងៗ បានច្រើន ពិសេសប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ ទន្លេសាបជាដើម។

ឯកឧត្ដមបន្តថា ប៉ុន្តែមកពេលនេះ ដោយសារ មានទឹកភ្លៀងមិនស្នើគ្នា ហើយទឹកទន្លេមេគង្គឡើងយឺត រហូតធ្វើឲ្យតាមបណ្ដាស្ទឹងនានា មានទឹកមិនដល់៥០% បានបង្កឲ្យប៉ះពាល់ដល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម បានវាយតម្លៃថា បើស្ថិតក្នុងស្ថានភាពនេះ នឹងមិនមានទឹកជំនន់នោះទេ ហើយថា បើមានជំនន់ទឹកភ្លៀង នោះវាក៏មិនកើតមានយូរពេកដែរ ប៉ុន្តែវាអាចនឹងបង្កឲ្យមានភាពរាំងស្ងួតខ្លាំងនៅពេលរដូវប្រាំងនាពេលខាងមុខ។

ធនាគារអភិវឌ្ឍន៍អាស៊ីADB តាមរយៈរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាង២លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាបូកនឹងសម្ភារៈបច្ចេកទេសប្រមាណ ២៣៥ពាន់ដុល្លារអាមេរិក សម្រាប់ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ជាតិ ថ្នាក់មូលដ្ឋាននៅតាមខេត្តគោលដៅចំនួន៦ និងតាមបណ្ដាក្រសួងពាក់ព័ន្ធមួយចំនួនទៀត។ គម្រោងនេះ កម្ពុជាចាប់អនុវត្តពីឆ្នាំ២០១៦ ដល់ខែកុម្ភៈឆ្នាំ២០១៨ ៕