ពលរដ្ឋ​ខ្មែរ​ជាង​បី​រយ​នាក់​ ត្រូវ​បាន​ក្រសួងការបរទេស​ ជួយសង្គ្រោះ​ចេញពី​ការ​ធ្វើ​បាប​ពី​សំណាក់​ប្ដី​និង​ថៅកែ​បរទេស​

159

ភ្នំពេញ ៖ ក្នុងរយៈពេលប្រាំបីខែ ឆ្នាំ២០១៦នេះ ពលរដ្ឋខ្មែរយ៉ាងតិច៣៤០នាក់ត្រូវបានក្រសួងការបរទេសជួយសង្គ្រោះ ឲ្យវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីពួកគេទាំងនោះត្រូវបានប្ដីនិងថៅកែបរទេសវាយធ្វើបាប។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សន្ទរីបានថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវីនាថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៦នេះបានឲ្យដឹងថា មានស្ត្រីរងគ្រោះ ប្រហែល៣៤០នាក់ ត្រូវបានក្រសួងការបរទេសអន្តរាគមន៍ជួយទាន់ពេលវេលា បន្ទាប់ពីពួកគេទាំងនោះត្រូវបានប្ដីដែលជាជនជាតិចិនវាយធ្វើបាប និងពលរដ្ឋខ្មែរមួយចំនួនទៀតត្រូវបានរងគ្រោះដោយសារការជួញដូរ និងធ្វើបាបពីសំណាក់ថៅកែជាជនបរទេសជាដើមនោះ។

លោក ជុំ សន្ទរីបានបន្តថា ពួកគេទាំងនោះត្រូវបានបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ចាប់ពីខែមករា ដល់ខែសីហា កន្លងទៅនេះហើយសម្រាប់ការចំណាយនៃការត្រឡប់ភាគច្រើនគឺក្រសួងការបរទេសនិងអង្គការIOMជាអ្នកចេញ។

សូមរំលឹកថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតែងតែ ចុះជួយ

អន្តរាគមន៍ដល់ពលរដ្ឋខ្មែរទាំងឡាយណាដែលជួបវិបត្តិការងារនៅបរទេស ជាពិសេសគឺស្ត្រីខ្មែរដែលបានចាញ់បោកមេខ្យល់ទៅរៀបការជាមួយប្តីជាជនជាតិចិន និងពលការិនីខ្មែរដែលធ្វើការនៅប្រទេសម៉ាឡេស៊ីជាដើម ហើយជាងនេះទៅទៀត ក្រសួងការបរទេសក៏បានជួយពលករខ្មែរដែលត្រូវបានអាជ្ញាធរប្រទេសឥណ្ឌូណេស៊ីចាប់ខ្លួនក្រោយពីពួកគេទាំងនោះចាញ់បោកមេខ្យល់ថៃ ចូលទៅនេសាទខុសច្បាប់នៅដែនសមុទ្រប្រទេសឥណ្ឌូណេស៊ីជាដើមនោះ៕