តុលាការ​ចោទប្រកាន់​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ជិត​៧​លាន​ដុល្លារ​អាមេរិក​

683

ភ្នំពេញ ៖ មន្ត្រីតុលាការសុំមិនបញ្ចេញឈ្មោះ ថ្លែងថា បុរសម្នាក់មានមុខរបរជាអ្នកលក់គ្រឿងបន្លាស់រថយន្ត ត្រូវបានតុលាការសម្រេចចោទប្រកាន់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្ដីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ដើម្បីស៊ើបអង្កេតករណីឆបោកប្រាក់ជិត៧លានដុល្លារអាមេរិក ។ បច្ចុប្បន្នសំណុំរឿងនិងជនត្រូវចោទ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ។

ពាក់ព័ន្ធករណីនេះ លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃត្រង់ទី១៥ ខែកញ្ញា ពេលអ្នកសារព័ត៌មានទូរស័ព្ទចូលហើយ បែរជាធ្វើជានិយាយ អាឡូៗៗរួចចុចបិទតែម្ដង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសរូបនេះឈ្មោះ អឿ អឿន មានមុខរបរលក់ គ្រឿងបន្លាស់រថយន្ត ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ៕