ក្រុម​ម្ចាស់ផ្ទះ​វៀតណាម និង​ម៉ាឡេស៊ី​សម្លឹង​ឃើញ​កៅអី​វគ្គ ៤​ក្រុម​ចុងក្រោយនៃ​ពាន AFF U-19

379

បាល់ទាត់៖ ក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំវៀតណាម និងក្រុមយុវជនម៉ាឡេស៊ីបានបន្ថែម ៣ពិន្ទុទៀតហើយ ដើម្បីពង្រឹងកៅអីធ្វើដំណើរឆ្ពោះទៅវគ្គ ១/២ផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U-19 Championships 2016 ដែលកំពុងធ្វើឡើងនៅទីក្រុងហាណូយប្រទេសវៀតណាម។
f9កាលពីម្សិលមិញនេះក្រុមយុវជនវៀតណាម បានបន្តយកឈ្នះក្រុមយុវជនក្រោមអាយុ ១៩ឆ្នាំហ្វីលីពីនដោយលទ្ធផល ៤-៣ ក្នុងការប្រកួតទី៣ របស់ខ្លួនក្នុងពូល A ហើយជ័យជម្នះនេះបានធ្វើឲ្យក្រុមម្ចាស់ផ្ទះវៀតណាម បន្តឈរកំពូលតារាងបណ្ដោះអាសន្នដោយមាន ៧ពិន្ទុក្នុងដៃក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងស្មើ១ ហើយនៅសល់ ១ប្រកួតទៀតគឺត្រូវជួបក្រុមយុវជនម៉ាឡេស៊ីនៅថ្ងៃទី១៩ ខែកញ្ញាខាងមុខ។ ក្រោយឆ្លងកាត់ ៣ប្រកួតនេះដែរលោក Hoang Anh Tuan គ្រូបង្វឹករបស់វៀតណាមបានលើកឡើងថា កូនក្រុមរបស់លោកពិតជាធ្វើបានល្អហើយ សម្រាប់ការប្រកួតកន្លងមក ប៉ុន្តែលោកមិនអាចធ្វេសប្រហែស ចំពោះការប្រកួតចុងក្រោយ ជាមួយក្រុមយុវជនម៉ាឡេស៊ីនោះទេ គឺលោកត្រូវពង្រឹងក្រុមឲ្យបានកាន់តែខ្លាំង ដើម្បីស្វែងរកជ័យជម្នះក្នុងការប្រកួតចុងក្រោយនោះ ដើម្បីបន្តដំណើរទៅវគ្គ ៤ក្រុមចុងក្រោយ។

ដោយឡែកក្រុមយុវជនម៉ាឡេស៊ីនៅតែក្ដោបតំណែងកំពូលតារាងដដែល បន្ទាប់ពីយកឈ្នះក្រុមយុវជនសិង្ហបុរីដោយលទ្ធផល ២-១ កាលពីម្សិលមិញយក ៣ពិន្ទុបន្ថែម។ ការប្រកួតនេះក្រុមម៉ាឡេស៊ីរកបាន ២គ្រាប់ក្នុងតង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ Mazlan នៅនាទីទី១៦ និងកីឡាករ Jafri នៅនាទីទី៤៥ ប៉ុន្តែតង់ទី២ ម៉ាឡេស៊ីមិនអាចបំប៉ោងសំណាញ់ទីក្រុមសិង្ហបុរីបានឡើយ ហើយបានទទួលគ្រាប់បាល់វាយបក ១គ្រាប់ពីកីឡាករ Sazali របស់សិង្ហបុរីនៅនាទីទី៨២ មុននឹងចប់ការប្រកួតទៀតផង។ បច្ចុប្បន្នក្រុមយុវជនម៉ាឡេស៊ី កំពុងឈរចំណាត់ថ្នាក់លេខ២ បណ្ដោះអាសន្ន និងមាន ៦ពិន្ទុពេញក្រោយប្រកួត ២លើកឈ្នះទាំង ២ប្រកួត ។ ប៉ុន្តែយ៉ាងណាមិញយុវជនម៉ាឡេស៊ីនៅសល់ ២ប្រកួតទៀត ត្រូវឆ្លងកាត់គឺត្រូវជួបក្រុមយុវជនទីម័រខាងកើត នៅថ្ងៃទី១៧ ខែកញ្ញា និងប្រកួតចុងក្រោយជួបក្រុមម្ចាស់ផ្ទះវៀតណាមខាងលើ សម្រាប់សម្រេចជោគវាសនារបស់ខ្លួនតែម្ដង៕

អត្ថបទ៖ លី ឈុនឡា