ផ្ដន្ទាទោស​បុរស​ម្នាក់​៧៧​ឆ្នាំ​ពី​បទ​ប្លន់​១១​ករណី ជា​រឿងរ៉ាវ​សំខាន់​ក្នុង​តុលាការ​ប្រចាំ​សប្ដាហ៍​នេះ​

429

ភ្នំពេញ ៖ តុលាការផ្តន្ទាទោសបុរសម្នាក់៧៧ឆ្នាំពីបទប្លន់១១ករណី គឺជារឿងរ៉ាវសំខាន់ក្នុងស្ថាប័នតុលាការប្រចាំសប្តាហ៍នេះ ។ ក្រៅពីនេះនៅមានរឿងរ៉ាវជាច្រើនទៀត ដូចជា តុលាការឃុំខ្លួនបុរសម្នាក់ឆបោកប្រាក់ជិត៧លានដុល្លារ ជាដើម ។

ខាងក្រោមនេះគឺជារឿងរ៉ាវសំខាន់ប្រចាំសប្ដាហ៍ ៖

ទី១:ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ជា សុខច័ន្ទដេត កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគាររយៈពេល២៨ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា ចំនួន៤ករណី ក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយករណីផ្តន្ទាទោស៧ឆ្នាំ។

កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ បុរសរូបនេះ ក៏ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសម្តងរួចមកហើយ រយៈពេល៤៩ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិហិង្សាចំនួន៧ករណី ដោយក្នុងមួយករណីផ្តន្ទាទោស៧ឆ្នាំ ក្នុងទឹកដីខណ្ឌដង្កោទាំងអស់។

ដូច្នេះបុរសរូបនេះ បច្ចុប្បន្នកំពុងមានទោសសរុបចំនួន១១ករណី និង ត្រូវជាប់ពន្ធនាគាររយៈពេល៧៧ឆ្នាំ ។

មន្ត្រីតុលាការ បញ្ជាក់ថា បុរសរូបនេះនៅមាន៤ករណីផ្សេងទៀតដែលកំពុងដំណើរការនៅសាលាដំបូងរាជធានីភ្នំពេញ ។

តុលាការបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ នុជ សំណាង ហៅ សែន សំណាង អាយុ២៧ឆ្នាំ ។នាពេលសវនាការកន្លងទៅ ជនជាប់ចោទរូបនេះ សារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ។

ទី២:បុរសម្នាក់មានមុខរបរជាអ្នកលក់គ្រឿងបន្លាស់រថយន្ត ត្រូវបានលោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្ដីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ដើម្បីស៊ើបអង្កេតករណីឆបោកប្រាក់ជិត៧លានដុល្លារអាមេរិក ។

ប្រភពព័ត៌មានពីសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសរូបនេះឈ្មោះ អឿ អឿន មានមុខរបរលក់ គ្រឿងបន្លាស់រថយន្ត ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបន្តថា រឿងក្ដីនេះកើតឡើងពីជំនួញឈើ ដែលឈ្មោះ អឿ អឿន បានទទួលប្រាក់ពីជនជាតិចិន ជាបន្តបន្ទាប់ ដើម្បីប្រគល់ឈើ ។ ប៉ុន្តែឈ្មោះ អឿ អឿន បានទទួលប្រាក់ហើយ តែមិនព្រមប្រគល់ឈើ ទើបឈានដល់ការដាក់ពាក្យបណ្ដឹងចាប់ខ្លួនតែម្ដង ៕