ទីក្រុង​មូស្គូ​និយាយ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ទាហាន​ស៊ីរី​គំរាម​កំហែង​ដល់​​បទ​ឈប់​បាញ់

206

រុស្ស៊ី៖ ទីក្រុងមូស្គូបានបង្កើនសង្គ្រាមពាក្យសំដី ជាមួយទីក្រុងវ៉ាស៊ីនតោនដោយនិយាយថា ការវាយប្រហារតាមអាកាសរបស់កងកម្លាំងចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិកលើទាហានស៊ីរី គំរាមកំហែងដល់គម្រោងបទឈប់បាញ់មួយសម្រាប់ប្រទេសស៊ីរី និងការទប់ស្កាត់ក្រុមរដ្ឋអ៊ីស្លាមនៅតាមព្រំដែន។

m2

ខណៈសង្គ្រាមពាក្យសម្ដីរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ឡើងកម្ដៅជុំវិញការវាយប្រហារតាមអាកាស ធ្វើឡើងដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលស៊ីរី ក៏ដូចជាការដាក់សម្ពាធបន្ថែមលើបទឈប់បាញ់ ការវាយប្រយុទ្ធលើដីក៏នៅតែបន្តដែរ។ រូបភាពវីដេអូបង្ហាញពីយន្តហោះចម្បាំង កំពុងវាយប្រហារលើគោលដៅនានាក្នុងទីក្រុងហូមស៍។ ចំណែកឯការវាយប្រហារតាមអាកាសផ្សេងទៀត បានប៉ះពាល់លើទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់អាឡេប៉ូជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់ចាប់ផ្ដើម៧ ថ្ងៃកន្លងទៅនេះ។ ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ការវាយប្រហាររបស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានសម្លាប់ទាហានស៊ីរីដល់ទៅ ៩០នាក់គំរាមកំហែងដល់ការអនុវត្តន៍បទឈប់បាញ់។

ពាក់ព័ន្ធបញ្ហាខាងលើឯកអគ្គរដ្ឋទូតស៊ីរី ប្រចាំនៅអង្គការសហប្រជាជាតិលោក Bashar Ja’afari និយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ការវាយប្រហារតាមអាកាសដ៏អាក្រក់ របស់កងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកមានគោលបំណងបំផ្លាញ គម្រោងបទឈប់បាញ់សម្របសម្រួលដោយអាមេរិក-រុស្ស៊ី ក៏ដូចជាការទម្លាយភាពតានតឹងឲ្យកាន់តែខ្លាំងជុំវិញកិច្ចព្រមព្រៀងមួយ លើជោគវាសនារបស់ប្រទេសស៊ីរីរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន៕
អត្ថបទ៖ សុខមាន