រាជរដ្ឋាភិបាល​អំពាវនាវ​ ដល់​ជនរួមជាតិ​ទាំងអស់ ​ត្រូវ​ថែរក្សា​ការពារ​សន្តិភាព ​និង​ប្រឆាំង​ដាច់​ខាត់​នូវ​អំពើ​ហិង្សា​

189

ភ្នំពេញ៖ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ត្រូវខិតខំបន្តពង្រឹងការការពារ ថែរក្សាសន្តិភាព និងត្រូវប្រឆាំងដាច់ខាត់ចំពោះអំពើហិង្សាណាមួយដែលបណ្តាលឲ្យអសន្តិសុខសង្គមជាដើមនោះ។

យោងតាមសាលិខិតចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែកញ្ញា របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះបានឲ្យដឹងថា សន្តិភាពមិនអាចងាយរកបានឡើយ ខណៈដែលប្រទេសនេះទើបតែរួចផុត ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានយ៉ាងលំបាកនោះ។

ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគោរពវប្បធម៌អហិង្សាចេះអធ្យាស្រ័យគ្នានិង ការរក្សាសណ្ដាប់ធ្នាប់សង្គម ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

សម្តេចតេជោ បានបន្តថា«ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ការចូលរួមរបស់ប្រជាជនពិតជាមានសារៈសំខាន់ណាស់ ក្នុងការថែរក្សានិងពង្រឹងសន្តិ ភាពនេះឲ្យកាន់តែរឹងមាំ និងឋិតថេរជានិរន្តរ។

សម្តេចតេជោ បានបន្តទៀតថា កម្ពុជាបានរួចផុតពីការកាប់សម្លាប់យ៉ាងសាហាវចេញពីរបស់ប្រល័យពូជសាសន៍ ហើយតាមរយៈនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសកម្ពុជារីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋពី៥៣,២ភាគរយក្នុងឆ្នាំ២០០៤ មកនៅត្រឹម១៣,៥ភាគរយនៅឆ្នាំ២០១៤នេះ។

ជាងនេះទៅទៀតផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗកើនពីចំនួន៧៦០ដុល្លារអាមេរិកក្នុងឆ្នាំ២០០៨ដល់១.១៥៨ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៥ហើយនៅឆ្នាំ២០១៦អាចបន្តកើនឡើងជាង១៣០០ដុល្លារអាមេរិកទៀត។

សាលិខិតសម្តេចតេជោ បានលើកឡើងទៀតថា កម្ពុជាមិនត្រឹមតែបាននូវសុខដុមនីយកម្ម សុវត្ថិភាព សន្តិសុខ និងស្ថិរភាពក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឲ្យកម្ពុជាចូលរួមចំណែកយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ នៅក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់និងពិភពលោក ដោយប្រែក្លាយពីប្រទេសទទួលយកទាហានមួកខៀវរបស់អង្គការសហប្រជាជាតិទៅជាប្រទេស បញ្ជូនកងកម្លាំងរបស់ខ្លួនឲ្យពាក់មួកខៀវទៅចូលរួមក្នុងប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសដែលកំពុងមានជម្លោះផងដែរ។

ជាក់ស្តែងចាប់តាំងពី២០០៦មករហូតមកដល់នាពេលបច្ចុប្បន្ននេះប្រទេសកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនប្រមាណជាង៣៩០០នាក់ទៅកាន់ប្រទេសចំនួនប្រាំបីដូចជាប្រទេសស៊ូដង ស៊ូដងខាងត្បូង ឆាដ អាហ្រិកកណ្តាល ម៉ាលី ស៊ីរី លីបង់ និងស៊ីបជាដើម។

ក្នុងទិវាដ៏វិសេសវិសាលនេះដែរ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីក៏បានប្តេជ្ញាថានឹងបន្តថែរក្សាសន្តិភាព ស្ថិរភាពការអភិវឌ្ឍន៍និងការរីកចំរើនរបស់កម្ពុជាបន្ថែមទៀត និងការចូលរួមចំណែងជាមួយសហគមន៍អន្តរជាតិជំរុញ និងលើកតម្កើងសន្តិភាពទូទាំងពិភពលោកផងដែរ ហើយមិនតែប៉ុណ្ណោះសម្តេចក៏បានអំពាវនាវដល់ជនរួមជាតិអង្គការអន្តរជាតិសង្គមស៊ីវិល ទាំងអស់នៅកម្ពុជា សូមបន្តពួតដៃគ្នាអនុវត្តនិងគាំទ្រស្មារតី«ទិវាសន្តិភាពអន្តរជាតិ»នេះ និងបន្តខិតខំថែបំប៉នពង្រឹងនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការយល់ដឹងអំពីតម្លៃនិងគ្រឹះមូលដ្ឋានទ្រទ្រង់សន្តិភាពនេះ៕

photo_2016-01-27_13-10-563216

photo_2016-01-27_13-10-563217

photo_2016-01-27_13-10-563218