រដ្ឋមន្ត្រីក្រសួង​សាធារណៈការ ព្រមាន​ចាត់វិធានការ​ក្តៅ​ចំពោះ​អ្នក​ដឹក​លើស​ទម្ងន់ និង​យានដ្ឋាន​កែច្នៃ

439

កំពង់ឆ្នាំង ៖ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បាន ព្រមានចាត់វិធានការក្តៅក្នុងពេលឆាប់ៗនេះ ចំពោះរថយន្តមួយចំនួនកំពុងដឹកលើសទម្ងន់ ងយានដ្ឋានមួយចំនួនដែលកំពុងកែច្នៃខុសលក្ខណៈបច្ចេកទេស។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកម្មវីធីជួបមន្ត្រីសាធារណៈការ នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៦  មានប្រសាសន៍ថា ឯកឧត្តម  នឹងចាត់វិធានការ ឲ្យបានឆាប់ ចំពោះរថយន្តមួយចំនួន ដែលដឹកលើទម្ងន់ និងយានដ្ឋានមួយចំនួន ដែលកែច្នៃ ខុសបច្ចេកទេស និងមិនព្រមចូលទៅចុះបញ្ជីឲ្យបានត្រឹមត្រូវ តាមច្បាប់ដែលបានកំណត់។
ឯកឧត្តម បន្តថា ប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមសហការថែរក្សាទ្រព្យសម្បត្តិជាតិ កេរមរតក ដែលជាតម្លៃញើសឈាមខ្មែរទាំងអស់គ្នា ដែលបានខិតខំកសាងផ្លូវទាំងនេះឡើង ហើយអោយអ្នកមិនគោរពច្បាប់ ចូលរួមគោរពច្បាប់ ជាដាច់ខាតផងដែរ។

ឯកឧត្តម បន្ថែមថា ក្រសួងមិនចង់ពិន័យចំពោះរថយន្តខុសច្បាប់ទាំងអស់នោះទេ ព្រោះលុយពិន័យរបស់ពួកគេក្នុង១រថយន្ត មិនអាចយកមកធ្វើផ្លូវបានមួយគីឡូម៉ែត្រនោះទេ ហើយមិនចង់បានទេលុយផាកពិន័យនេះ។ ម្យ៉ាងទៀត សូមអស់លោក កុំបំផ្លាញផ្លូវជាតិ ដែលប្រមុខរាជរដ្ឋាភិបាល បានខំប្រឹងប្រែងរកថវិកា រាប់ពាន់លានរៀល យកមកធ្វើផ្លូវជូនប្រជាពលរដ្ឋ ឲ្យងាយស្រួលក្នុងការធ្វើដំណើរ។ តែបើសិនផ្លូវដែលសង់រួច ប្រើប្រាស់បានតែប៉ុន្មានឆ្នាំ ក៏ស្រាប់តែខួចខ្ទេចខ្ទីអស់ទៅវិញ តើក្រសួងបានលុយមកពីណា ដើម្បីសាងសង់បន្តទៀត ព្រោះថា លុយទាំងនោះ គឺជាលុយកម្ចី និងជាលុយប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកថា សូមមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ទាំងអស់ត្រូវតែចេះស្រឡាញ់ សាមគ្គីគ្នាជាគ្រួសារ សាធារណៈការ និងដឹកជញ្ជូនតែមួយ ទើបកិច្ចការងារទាំងអស់ ធ្វើទៅទទួលបានជោគជ័យ។ ជាពិសេសគឺត្រូវបំរើសេវាសាធារណៈអោយខិតជិតប្រជាពលរដ្ឋបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីសម្រួលដល់ដំណើរការ បំពេញបែរបទនានា របស់ប្រជាពលរដ្ឋពីមន្ទីរសាធារណៈការ៕

dsc06084 dsc06074 dsc06064 dsc06060 dsc06056