អ្នក​នាំចេញ​អង្ករ​ ស្នើ​រដ្ឋាភិបាល​ផ្អាក​ច្បាប់ ​នាំចូល​អង្ករ​ពី​ប្រទេសជិតខាង

11435

ភ្នំពេញ ៖ អ្នកនាំចេញអង្ករកាលពីពេលថ្មីៗ នេះបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាផ្អាកការនាំចូលអង្ករពីប្រទេសជិតខាង ខណៈដែលវិស័យស្រូវអង្ករកម្ពុជា កំពុងតែជួបបញ្ហាតម្លៃធ្លាក់ចុះនោះ។

លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia បានថ្លែងប្រាប់ថា រាជរដ្ឋាភិបាលក៏ដូចជា ស្ថាប័នពាក់ព័ន្ធគួរតែផ្អាកការនាំចូលអង្ករពីប្រទេសជិតខាង និងបង្ក្រាបអង្ករគេច ពន្ធឫក្លែងយីហោ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគក្នុងស្រុក។

លោក បានបន្តទៀតថា រដ្ឋគួរតែធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវ និងដេប៉ូចែកចាយមានការបើកចំហពីប្រភព និងតំបន់ស្រូវដែលទិញពីកសិករផ្ទាល់ ដូច្នោះ ធ្វើឲ្យអតិថិជនទុកចិត្ត ខណៈដែលតម្លៃស្រូវធ្លាក់ចុះគួរតែមានការធ្វើយុទ្ធនាការប្រើប្រាស់អង្ករខ្មែរ ។ លោក បានបញ្ជាក់ថា ក្រៅពីនេះ អ្នកនាំចេញអង្ករស្នើសុំឲ្យមានការរឹត បន្តឹងការនាំចូលអង្ករពីបរទេស និងមានស្លាកយីហោត្រឹមត្រូវ ដើម្បីកុំឲ្យមានពាក្យចចាមអារ៉ាមថា មានការនាំចូលអង្ករពីបរទេសតទៅទៀត។

អ្នកនាំចេញអង្ករ រូបនេះ បន្ថែមថា មន្ត្រីរដ្ឋត្រូវតែមើលតាមច្រកតូចៗ ហើយបើមិនមើលទេ វានឹងកាន់តែធ្ងន់ធ្ងរ គ្មានរោងម៉ាស៊ីនកិនស្រូវទិញស្រូវទេ ព្រោះរាល់ថ្ងៃពឹងតែនាំចេញទៅក្រៅប្រទេស ដែលចំណុចនេះ ត្រូវគិតឡើងវិញ។ ចំណែកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី បានថ្លែងបញ្ជាក់ថា តាមពិតការនាំចូលអង្ករពីក្រៅប្រទេសវាជាទីផ្សារសេរី ហើយជារឿងធម្មតាទេ ដែលខុសប្លែក កាលពីមុនកម្ពុជា មានទំហំសេដ្ឋកិច្ចតូច និងបច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាមានទំហំធំជាងមុន ដូច្នោះការប្រកួតប្រជែងតែងតែកើតមានឡើង។

កញ្ញាអ្នកនាំពាក្យ បន្ថែមថា បញ្ហានេះ រាជរដ្ឋាភិបាលមិនមែនមិនគិតនោះទេ ហើយក្រសួងពាណិជ្ជកម្ម នឹងបន្តពង្រឹងការគ្រប់គ្រងបញ្ហានេះ ដូចជាការពិនិត្យលើស្លាកសញ្ញាយីយោអង្ករដែលនាំចូលពីប្រទេសជិតខាង។

សម្រាប់លោក ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានលើកឡើងថា ការយកអង្ករប្រទេសជិតខាងបន្លំលាយអង្ករខ្មែរនាំចេញនោះ ជារឿងមួយដែលប៉ះពាល់ដល់គោលនយោបាយអនុគ្រោះរបស់សហគមន៍អឺរ៉ុប ហើយកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាតែម្តង។
លោក បានបញ្ជាក់ទៀតថា   ការនាំចូលនេះ នឹងនាំមកនូវផលប៉ះពាល់រីករាលដាលឆ្លង និងបំផ្លាញដល់វិស័យកសិកម្មដល់ប្រទេសកម្ពុជា ហើយខាងក្រសួងកសិកម្មក៏បានខិតខំសុំការសម្រេចពីរាជរដ្ឋាភិបាល ដើម្បីបញ្ជូនមន្ត្រីជំនាញភូតគាមអនាម័យទៅប្រចាំការតាមច្រកព្រុំដែន។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុង១ឆ្នាំៗ កម្ពុជាបាននាំស្រូវចេញទៅកាន់ប្រទេសវៀតណាម ចន្លោះជាង ១លានតោនទៅ ២លានតោន និងក្រៅពីនេះ មាននាំទៅថៃផងដែរ៕