ចិន​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ​

313

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនថ្មីរបស់ចិនប្រចាំកម្ពុជា អះអាងនៅថ្ងៃទី២៧ ខែកញ្ញានេះថា ចិននៅតែបន្តជួយដល់កម្ពុជាលើគ្រប់វិស័យ។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នាទីស្តីការគណៈរដ្ឋមន្ត្រី  ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពដែលទើបតែងតាំងថ្មី នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនបានពង្រឹង និងពង្រីកឥតឈប់ឈរ ព្រមទាំងឈានដល់ដំណាក់ល្អបំផុត ហើយចិននៅតែបន្តជួយដល់កម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងវប្បធម៌។

ឯកឧត្តមឯកអគ្គរដ្ឋទូត បន្តថា ប្រទេសទាំងពីរតែងតែជួយគ្នាទៅវិញទៅមក ពិសេសថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសទាំងពីរតែងផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នា ក្នុងនោះមានទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ផងដែរ។

ឯកឧត្តមសង្កត់ធ្ងន់ថា ឯកឧត្តមប្រធានាធិបតីចិន ស៊ី ស៊ិនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ឃើជាំង តែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយកម្ពុជា ដែលវាបានឈានមកដល់កិច្ចសហប្រតិបត្តិការយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ ហើយប្រទេសទាំងពីរតែងគោរពគ្នា យោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកទាំងលើកិច្ចការជាតិ និងអន្តរជាតិ។

ឯកឧត្តម បញ្ជាក់ថា មានអ្នកវិនិយោគ និងអ្នកជំនាញកសិកម្មចិនជាច្រើនបានចាប់អារម្មណ៍ដល់ការវិនិយោគវិស័យកសិកម្មនៅកម្ពុជា ក្នុងនោះ រួមទាំងការកែច្នៃអង្ករដោយប្រើបច្ចេកវិទ្យាខ្ពស់សម្រាប់នាំចេញទៅទីផ្សារពិភពលោកនិងប្រទេសចិនផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ចិនដែលបានជួយដល់កម្ពុជាយ៉ាងច្រើនលើគ្រប់ផ្នែក គ្រប់វិស័យ រួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍននៅកម្ពុជា។  ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ទំនាក់ទំនងរវាងចិន និងកម្ពុជា មានតាំងពីយូរលង់ណាស់មកហើយ ព្រមទាំងមានប្រពៃណី និងវប្បធម៌ប្រហាក់ប្រហែលគ្នា  ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងណែនាំដល់មន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអស់ឲ្យយកចិត្តទុកដាក់ដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន និងត្រូវជួយសម្រួលដល់ការវិនិយោគនានារបស់វិនិយោគិនចិននៅកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា ជួយពង្រឹងក្រុមបច្ចេកទេសចិនលើគម្រោងជួសជុល និងអភិរក្សប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ និង ជំរុញវិនិយោគិនចិនមកកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត ព្រមទាំងជំរុញការកសាង និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុផងដែរ៕