ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​​​លិច​ទូក​ជនអន្តោប្រវេសន៍​ជិត​ឆ្នេរ​ប្រទេស​អេហ្ស៊ីប​បាន​កើនដល់ ២០៣​នាក់

240

អេហ្ស៊ីប៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍លិចទូកជនអន្តោប្រវេសន៍មួយគ្រឿង ដែលធ្វើដំណើរទៅកាន់ដែនដីអឺរ៉ុបតាមសមុទ្រមេឌីទែរ៉ាណេបានកើនឡើងដល់ ២០៣នាក់ហើយកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីទូកនេះក្រឡាប់ដោយសារបុកនាវាស្ទូចទំនិញក្នុងសមុទ្រនោះ។

w9
ទូកជនអន្តោប្រវេសន៍ដែលលិច

មន្ត្រីនិយាយថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើងបន្ថែមទៀត គ្រាដែលអ្នកនេសាទបានស្រង់សាកសពជាបន្តបន្ទាប់ពីបាតទូក ជាទីដែលជនអន្តោប្រវេសន៍ជាច្រើនត្រូវគេជឿថា បានជាប់ក្នុងទូក និងលង់ទឹកស្លាប់។ សារព័ត៌មាន Associated Press បានបង្ហាញពីក្រុមគ្រួសារ និងមិត្តភ័ក្ដិរាប់រយនាក់ នៃអ្នកបាត់ខ្លួនកំពុងរង់ចាំយ៉ាងអន្ទះសាជិតកំពង់ផែក្នុងទីក្រុងឆ្នេររ៉ូសេតា។ អ្នកនាំពាក្យខេត្តបេហេរ៉ាភាគខាងជើងទន្លេនីលប្រទេសអេហ្ស៊ីបបាននិយាយថា អ្នកនេសាទបានទាញយកសាកសពជាច្រើនទៀតជាប់ក្នុងទូកនោះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ឡើងដល់ ២០៣នាក់។ ចំណែកទូកក៏ត្រូវបានគេអូសចេញពីទឹកមកដល់កំពង់ផែក្នុងទីក្រុងហើយដែរ។ ទូកនេះផ្ទុកមនុស្សលើសចំណុះជាមួយមនុស្សរាប់រយនាក់ ប៉ុន្តែគេមិនបានដឹងពីចំនួនពិតប្រាកដទេ ដោយគេបានប៉ាន់ប្រមាណថា មានមនុស្សចាប់ពី ៤០០ទៅ ៦០០នាក់។ ពួកគេភាគច្រើនត្រូវគេជឿថា ជាពលរដ្ឋអេហ្ស៊ីបភាគច្រើន ក្នុងចំណោមពួកគេជាបុរសៗវ័យក្មេង ចេញមកពីភូមិក្រីក្រនានាក្នុងតំបន់ដងទន្លេនីល៕

អត្ថបទ៖ សុខមាន