លោកជំទាវ ម៉ែន​ សំអន​ រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ប្រជាជន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​នៅ​ទួល​ស្លែង​

213

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌទី១២ត្រូវនិងថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៦ លោក ជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បាននិមន្តព្រះសង្ឃចំនួន ៣៧អង្គធ្វើពិធីសូត្រមន្តនិងរាប់បាត្រដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងអ្នកស្លាប់នៅសារមន្ទីរទួលស្លែង។

លោកជំទាវឧបនាយរដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងថាជារៀងរាល់ឆ្នាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិបណ្ឌិតបានណែនាំលោកជំទាវដឹកនាំពិធីរាប់បាត្រឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធប្រជាពលរដ្ឋកម្ពុជា ដែលស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែងដែលនៅរស់ជីវិត គាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្កើតតុលាការសហការជាមួយអង្គការសហប្រជាជាតិក្រោមច្បាប់កម្ពុជាដើម្បីកាត់ទោសពួកអតីតមេដឹកនាំ ជាន់ខ្ពស់នៃរបបខ្មែរក្រហម។

ជាមួយគ្នានោះដែរ លោក ជុំ ម៉ី បានគាំទ្រតុលាការខ្មែរក្រហម លើសំណុំ រឿង០០១និង០០២ ដើម្បី ផ្ដល់យុត្តិធម៌ជូនប្រជាជនកម្ពុជាស្លាប់ក្នុងរបបខ្មែរក្រហម៣ឆ្នាំ៨ខែ២០ថ្ងៃ។

ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ តុលាការកូនកាត់អន្តរជាតិមួយបានបង្កើតឡើង ក្រោមច្បាប់កម្ពុជា ដោយមានជំនួយពីអង្គការសហប្រជាជាតិនិងបណ្តាប្រទេសជាដៃគូ ដើម្បីកាត់ទោសពួកអតីតមេដឹកនាំជាន់ខ្ពស់នៃ របបខ្មែរក្រហមដែល បានកាប់សម្លាប់ប្រជាជនកម្ពុជាជិត២លាននាក់៕