អង្គការ​យូ​នី​សេ​ហេ្វ​បន្ត​ជួយ​ដល់​កម្ពុជា​លើ​កិច្ច​គាំពារ​សង្គម សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​

321

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កាលពីថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៦ ប្រធានអង្គការយូនីសេហេ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា អង្គការយូនីសេហេ្វនៅតែបន្តជួយដល់កម្ពុជាកាន់តែខ្លាំងថែមទៀតលើកិច្ចគាំពារសង្គម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

លោកស្រី ដេបូរ៉ា កូមីនី ប្រធានអង្គការយូនីសេហេ្វប្រចាំកម្ពុជាមានប្រសាសន៍ថា លោកស្រីសប្បាយរីករាយ និងសូមអរគុណ ចំពោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រីដែលកន្លងបានសហការយ៉ាងជិតស្និទ្ធ និងទូលំទូលាយជាមួយអង្គការយូនីសេហ្វ លើការងារគាំពារសង្គម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលបង្ហាញពីវឌ្ឍនភាព និងលទ្ឋផលគួរឲ្យកត់សម្គាល់នាពេលកន្លងមក ហើយអង្គការយូនីសេហ្វនឹងសហការជាមួយក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៏វិស័យកសិកម្មនិងជនបទជាបន្តទៅទៀត។

លោកស្រីបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាភាគីមួយដែលបានយកចិត្តទុកដាក់ដល់ការគាំពារមាតា ទារក និងកុមារ ដែលជាចំណុចចម្បងនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

លោកស្រីក៏បានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៅចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពីសិទ្ធិកុមារនៅតំបន់អាស៊ីលើទី៣ដែលរៀបចំធ្វើនៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី៧ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់អង្គការយូនីសេហ្វជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សង្គម ជាពិសេសការជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងយុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្តថា ការចូលរួមទាំងអស់របស់អង្គការយូនីសេហ្វ គឺពិតជាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពខ្ពស់លើការងារសន្តិសុខស្បៀង អាហារូបត្ថម្ភ និងកិច្ចគាំពារសង្គមព្រោះវាជាស្នូលនៃការអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍សង្គម ការកំណែលម្អកម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋជាពិសេស គឺការគិតគូរដល់ការបណ្តុះបណ្តាលជំនាញដល់យុវជនឲ្យស្របនឹងតម្រូវការទីផ្សារការងារក្នុងស្រុក។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានស្វាគមន៍និងយល់ព្រមតាមការអញ្ជើញរបស់លោកស្រីប្រធានអង្គការយូនីសេហ្វ ដើម្បីទៅចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពីសិទ្ធិកុមារនៅតំបន់អាស៊ីដែលរៀបចំធ្វើនៅប្រទេសម៉ាឡេស៊ី ព្រោះវាជាឱកាសល្អសម្រាប់កម្ពុជាបង្ហាញពីបទពិសោធន៍ ក៏ដូចជាដកស្រង់បទពិសោធន៍ពីប្រទេសដ៏ទៃលើការងារគាំពារសង្គម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ៕