កម្ពុជា​គ្រោង​កំណត់ពេល​៣​សប្តាហ៍​ដើមឆ្នាំ​២០១៧​ដើម្បី​ហ្វឹកហ្វឺន​ទ័ព​មួក​ខៀវ​ថ្នាក់​តំបន់​លើ​សកម្មភាព​មីន​

458

ភ្នំពេញ៖ បើមិនមានការកែប្រែនោះទេ នៅពាក់កណ្តាលខែមករាដើមឆ្នាំ២០១៧ខាងមុខនេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គហ្វឹកហ្វឺនតំបន់ស្តីពីសកម្មភាពដោះមីន រយៈពេលបីសប្តាហ៍។

នៅថ្ងៃទី២៨ ខែកញ្ញានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាមមានប្រសាសន៍ថា កម្ពុជាគ្រោងនឹងកំណត់យកពេលវេលាបីសប្ដាហ៍ចាប់ថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពថ្នាក់តំបន់ស្តីពីសកម្មភាពដោះមីន។

ឯកឧត្ដមបន្តថា ការហ្វឹកហ្វឺនថ្នាក់តំបន់ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីសកម្មភាពមីននេះ កម្ពុជានឹងរៀបចំបែងចែកជាពីរផ្នែក រួមមានការហ្វឹកហ្វឺនផ្នែកគ្រប់គ្រងចំការមីន និងការហ្វឹកហ្វឺនផ្នែកបច្ចេកទេសបោសសំអាតមីន។

ឯកឧត្តម សែម សុវណ្ណនី បន្តថា វគ្គហ្វឹកហ្វឺននោះ នឹងរៀបចំក្រោមជំនួយឧបត្ថម្ភពីបណ្ដាប្រទេសធំៗរួមមានសាធារណរដ្ឋបារាំងសហរដ្ឋអាមេរិកឥណ្ឌាចិនលើផ្នែកបោសសម្អាតមីននិងមានបណ្តាប្រទេសចូលរួមរៀនសូត្រដកបទពិសោធន៍ប្រមាណ១២ប្រទេស ទាំងក្នុងតំបន់ និងក្រៅតំបន់។

គិតចាប់ឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន គឺមានកងទ័ពបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់រៀនសូត្រជំនាញដោះមីនពីកម្ពុជា ចំនួន៧ប្រទេសរួមមាន ប្រទេសវៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពិន នេប៉ាល់ និងម៉ុងហ្គោលី៕