កម្ពុ​ជា​មាន​កម្រិត​បំពុល​បរិស្ថាន​ទាប បើ​ប្រៀបធៀប​ប្រទេស​ក្នុង​អាស៊ាន​

596

ភ្នំពេញ ៖  មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មអះអាងថា បញ្ហាបំពុលបរិស្ថាន កម្ពុជាគឺនៅកម្រិតទាបនៅឡើយ បើប្រៀបធៀបប្រទេសនៅក្នុងអាស៊ានទាំងអស់ ។

ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអះអាងដូចនេះក្នុងកិច្ចប្រជុំ ពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Boviengkham VONGDARA រដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសឡាវ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាកំពុងបានផ្តោត យ៉ាងសំខាន់ នៅក្នុងផ្នែកឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម ទៅលើផ្នែកបច្ចេកវិទ្យាបៃតង ដោយកម្ពុជាអាចយកមកប្រើប្រាស់បាន ព្រោះកម្ពុជា មានសហគ្រាសធុនតូច និងមធ្យមរហូតដល់៩៩.៨% នៃបណ្តាឧស្សាហកម្មទាំងអស់ គឺចាត់ទុកជាការងារមួយដែលចាំបាច់ ដើម្បីគាំពារដល់បញ្ហាបរិស្ថាននៃឧស្សាហកម្មបៃតង ។

ឯកឧត្តម ចម ប្រសិទ្ធ បានអះអាងថា ទាក់ទិននឹងបញ្ហាបរិស្ថាននេះ កម្ពុជាមានការបំពុលបរិស្ថានមានកម្រិត ទាបនៅឡើយ ខណៈដែលប្រទេសក្នុងអាស៊ានមានការបំពុលបរិស្ថានខ្ពស់ សម្រាប់បញ្ហានេះផងដែរ កម្ពុជាកំពុងគិតគូរ នឹងស្វែងរកបទពិសោធន៍នៅក្នុងជំហានការពារ និងការទប់ស្កាត់ឲ្យបានរួចរាល់ជាមុនផងដែរ ៕