កម្ពុជា​-​ចិន​សន្យា​ពង្រឹង​ទំនាក់ទំនង​អោយ​កាន់តែ​ល្អ​បន្ថែម ទៀត

468

ភ្នំពេញ  ៖ មន្ត្រីជាន់ខ្ពស់ប្រទេសកម្ពុជា និងចិន បានសន្យាពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ អោយបានគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យអោយកាន់តែល្អប្រសើរថែមទៀត។

នៅក្នុងឱកាសរំលឹកខួបលើកទី ៦៧ នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ២៩ខែ កញ្ញា ឆ្នាំ ២០១៦ មន្ត្រីជាន់ខ្ពស់ប្រទេសកម្ពុជា និងចិន បានសន្យាពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ អោយបានគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យអោយកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជានិងសាធារណៈរដ្ឋប្រជាមានិតចិន មានការរីកចម្រើនកាន់តែខ្លាំងក្លាទៅៗ ហើយប្រទេសកម្ពុជាមានមោទនាភាពណាស់ចំពោះការរីកចម្រើនគួរអោយកត់សម្គាល់ក្នុងកិច្ចសហប្រតិបត្តិការជាមួយសាធារណៈរដ្ឋប្រជាមានិតចិនក្នុងវិស័យនានារួមមានវិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងអប់រំ ព្រមទាំងផ្លាស់ប្ដូរប្រជាជនជាដើម។

ឯកឧត្តម បន្តថា កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិនមានទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ ចាប់តាំងពីមានជំនួបរវាងព្រះរាជបិតា ព្រះបរមរតនកោដ្ឋ និងអតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ជូ អេនឡាយ នៅក្នុងឱកាសសន្និសីទអាស៊ី-អាហ្វ្រិក ឆ្នាំ ១៩៥៤ នៅប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តម ស្យូង ប៉ូ ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅកម្ពុជា បានថ្លែងថា ស្ថិតនៅក្រោមសភាពការណ៍ប្រវត្តិសាស្ត្រថ្មី ទំនាក់ទំនងជាដៃគូនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងកម្ពុជា នឹងទទួលបានបន្ថែមទៀត នៅកាលានុវត្តនភាពថ្មី ក្នុងការអភិវឌ្ឍដែលកម្រមាន។

ឯកឧត្តម បានថាប្រទេសចិននឹងបន្តពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ជាមួយប្រទេសកម្ពុជា អោយកាន់តែរឹងមាំមួយកម្រិតថែមទៀត ដោយខិតខំជំរុញធ្វើអោយកិច្ចសហការជាក់ស្តែងលើគ្រប់វិស័យអោយកាន់តែស៊ីជម្រៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១០ មក ទំនាក់ទំនងកម្ពុជា-ចិន បានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រអភិវឌ្ឍគ្រប់ជ្រុងជ្រោយ’ ហើយទំហំនៃពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៥ មានចំនួន ៤.៣២ ពាន់លានដុល្លារ ហើយប្រទេសទាំងបានប្ដេជ្ញាសម្រេចអោយបាន ៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៧ ខាងមុខនេះ។ បើគិតមកដល់ឆ្នាំ ២០១៦ នេះ ការវិនិយោគរបស់ចិននៅកម្ពុជា លើគ្រប់វិស័យមានចំនួន ៤ពាន់លានដុល្លារ ដែលក្នុងនោះការវិនិយោគលើវិស័យអគ្គិសនីមានចំនួន ២.៣ពាន់លានដុល្លារ៕

china3 china2 china1 china