ការ​លក់​ដូ និង​ចត​រថយន្ត​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ត្រូវ​ហាមឃាត់​ក្នុង​ពិធី​បើក និង​បិទ​កីឡា​ជាតិ​លើក​ទី​១

216

កីឡាជាតិ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានឲ្យដឹងថា នៅក្នុងពិធីបើក និងពិធីបិទ ការប្រកួតកីឡាជាតិលើកទី១ នាពេលឆាប់ៗខាងមុខនេះមិនត្រូវបានអនុញ្ញាតឲ្យមានការលក់ដូ និងការចតម៉ូតូ-រថយន្ត ក្នុងបរិវេណពហុកីឡដ្ឋានជាតិឡើយ ក្រៅពីរថយន្តរបស់ថ្នាក់ដឹកនាំដែលចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។

 
ការថ្លែងបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យស្ដីពីពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី១ ខាងលើ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាកាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញានេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាដដែលបានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី១ នេះនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២៥ ខែតុលាដល់ថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ ប៉ុន្តែពិធីបើកនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈពិធីបិទធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ដែលចូលរួមជាអធិបតីពីសំណាក់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ដោយមានការផ្ដល់កិត្តិយសចូលរួមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំបែបនេះ ក្នុងនាមក្រសួងអប់រំទទួលបន្ទុករៀបចំកម្មវិធីបានកំណត់ថា រាល់អ្នកលក់ដូក្នុងបរិវេណពហុកីឡដ្ឋានជាតិគ្រប់ប្រភេទ គឺត្រូវហាមឃាត់មិនអនុញ្ញាតឲ្យលក់ឡើយ គ្រាដែលការចតម៉ូតូ និងរថយន្តក៏មិនអនុញ្ញាតផងដែរ ដើម្បីសម្រួលកម្មវិធីបើក និងបិទការប្រកួតកីឡាជាតិលើកទី១នេះ ឲ្យដំណើរការរលូន និងមានសុវត្ថិភាព សម្រាប់អ្នកចូលរួមទាំងអស់ផងដែរ។ ជាមួយគ្នានោះឯកឧត្ដម ថោង ខុន ក៏បានបញ្ជាក់ផងដែរថា ដោយសារព្រឹត្តិការណ៍កីឡាជាតិនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដកយកបទពិសោធន៍ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅលើទឹកដីកម្ពុជា ដូច្នេះទាំងពិធីបើក និងពិធីបិទ គឺសុទ្ធតែយកលំនាំការប្រកួតកីឡាស៊ីហ្គេមមករៀបចំ ដូចជាការបង្ហាញពីកីឡាវប្បធម៌នានា, ការរត់ភ្លើងគប់, ការបំពាក់ភ្លើងពណ៌គ្រប់ប្រភេទ, តន្ត្រីសម័យ និងការបាញ់កាំជ្រួចជាដើម៕
អត្ថបទ៖ លី ឈុនឡា