មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​អះអាងថា ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ជួប​កង្វះខាត​មគ្គុទ្ទេសក៍​ទេសចរណ៍​

402

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា បច្ចុប្បន្នកម្ពុជា កំពុងជួបការកង្វះខាតអ្នកបំរើការងារខាងផ្នែក  មគ្គុទ្ទេសក៍ ទេសចរណ៍  ដែលមានជំនាញសមត្ថភាពខាងភាសាសម្រាប់ផ្តល់ព័ត៌មានប្រវត្តិសាស្ត្រផ្សេងៗជូនភ្ញៀវទេសចរណ៍ ខណៈកម្ពុជា កំពុងមានកើនឡើងនៃលំហូរភ្ញៀវទេសចរណ៍បរទេសចូលមកទស្សនាកំសាន្តនៅកម្ពុជា។

ថ្លែងក្រោយបើកវិញ្ញាសា រប្រលងជ្រើសរើសមន្ត្រីមគ្គុទ្ទេសក៍ ទេសចរណ៍ថ្នាក់តំបន់ជំនាន់ទី១៦ ថ្ងៃទី៤ ខែតុលា នៅសកលវិទ្យាល័យមេគង្គកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តម ប៉ាក់ សុខុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងមួយឆ្នាំៗ ក្រសួងទេសចរណ៍តែងតែសហការប្រលងជ្រើសរើសសិស្សនិស្សិត ដើម្បីទទួលបានការបណ្តុះ      បណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ពីក្រសួងទេសចរណ៍ ២ដងក្នុងមួយឆ្នាំ ក្នុងបំណងចង់ឲ្យកម្ពុជាមានអ្នកជំនាញមគ្គុទ្ទេសក៍ ទេសចរណ៍ពិតប្រាកដដែលមានសមត្ថភាពនិយាយភាសាបរទេសអាចផ្តល់ព័ត៌មានផ្សេងៗស្តីពីកម្ពុជា ពិសេសព័ត៌មានមានលក្ខណៈជាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ជូនភ្ញៀវទេសចរណ៍បរទេស។

ឯកឧត្តម ប៉ាក់ សុខុន បន្តថា និស្សិត សិស្សគ្រប់វ័យ  បន្ទាប់ពីបានប្រលងជាប់វគ្គនេះ ពួកគេនឹងទទួលបានការ    បណ្តុះបណ្តាល ដើម្បីទទួលបានសញ្ញាប័ត្រ ជំនាញមគ្គុទ្ទេសក៍ ទេសចរណ៍ ហើយអាចបន្តដាក់ពាក្យសុំអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍ ដើម្បីបំរើការងារជាមគ្គុទ្ទេសក៍ទេសចរណ៍ឬអ្នកណែនាំភ្ញៀវទេសចរណ៍នៅតាមក្រុមហ៊ុនទេសចរណ៍នានា។

តាមស្ថិតិក្រសួងទេសចរណ៍ បញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានមន្ត្រីមគ្គុទ្ទេសក៍ ទេសចរណ៍ជាង៥០០០នាក់ កំពុងបានបំរើការនៅតាមតំបន់ចំនួន៤ផ្សេងៗគ្នា ។

ការប្រលងជ្រើសរើសសិស្សនិស្សិតបំរើការផ្នែកមគ្គុទ្ទេសក៍ ទេសចរណ៍ថ្នាក់តំបន់រាជធានីភ្នំពេញជំនាន់ទី១៦ ដែលប្រារព្ធនៅសាកលវិទ្យាល័យមេគង្គកម្ពុជានាពេលនេះ មានបេក្ខជនបេក្ខនារី ចូលរួមប្រមាណ១២០រូប លទ្ធផលគ្រោងនឹងជ្រើសរើសបេក្ខជនបេក្ខនារីចេះនិយាយភាសាបរទេសចំនួនប្រមាណ១០ភាសា។

កាលពីឆ្នាំ២០១៥ ក្រសួងទេសចរណ៍ បានសហការជាមួយ សាកលវិទ្យាល័យមេគង្គកម្ពុជា បណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍តំបន់ភ្នំពេញ និងតំបន់ជុំវិញជំនាន់ទី១៥ ជាង ៣០០នាក់ ដើម្បីឆ្លើយតបទៅនឹងកំណើនឡើងជាបន្តបន្ទាប់នូវភ្ញៀវទេសចរដែលមក ទស្សនារាជធានីភ្នំពេញ និងតំបន់ជុំវិញ ៕

pp