រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ ជម្រុញ​ឲ្យ​មន្ទីរ​ទេសចរ​ រៀបចំ​សាងសង់​បញ្ជា​ព័ត៌មាន នៅ​តំបន់ឆ្នេរ

252

ព្រះសីហនុ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាឲ្យប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុរៀបចំសាងសង់បញ្ជាព័ត៌មានទេសចរណ៍ចំនួន០៤កន្លែង នៅតាមឆ្នេរសមុទ្រ ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្ដរក្រសួង ឯកឧត្ដម ថោង ខុន នៅថ្ងៃទី០៦ ខែតុលា ក្នុងកិច្ចប្រជុំស្ដីពីការរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៦នេះ មានប្រសាសន៍ថា មន្ទីរទេសចរណ៍ខេត្ដ ត្រូវរៀបចំបញ្ជាព័ត៌មានទេសចរណ៍ឡើងវិញ ព្រោះបញ្ជា ព័ត៌មានចាស់មាន០១នៅឆ្នេរអូរឈើទាលរួចហើយ តែត្រូវសង់បន្ថែមចំនួន០៣ទៀត ដើម្បីជួយផ្ដល់ព័ត៌មានទេសចរណ៍ជូនភ្ញៀវទេសចរជាតិ-អន្ដរជាតិ ដែលមកលេងលម្ហែកម្សាន្តនៅខេត្ដព្រះសីហនុ ពីតំបន់រមណីយដ្ឋានកម្សាន្ដនានា។

ឯកឧត្ដម បន្ដថា សម្រាប់ការប្រលងប្រណាំងតំបន់ទេសចរណ៍ស្អាតល្អ នៃប្រទេសអាស៊ានគឺទាមទារឲ្យមានការរៀបចំល្អនូវសន្ដិសុខ បរិស្ថាន និងគុណភាពសេវាកម្មទេសចរណ៍ ដែលក្នុងនោះមានរាប់បញ្ចូលនូវការដាក់ពិន្ទុទៅលើបញ្ជាព័ត៌មានទេសចរណ៍នេះផងដែរ។

ទាក់ទងនឹងករណីនេះ លោក តាំង សុខចិត្ដគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ លើកឡើងថា ការរៀបចំបញ្ជាព័ត៌មានទេសចរណ៍នេះ ត្រូវការថវិកាជាចំបាច់ និងច្រើនគួរសម ប៉ុន្ដែដោយសារថវិការបស់មន្ទីរមានកម្រិត ដូច្នេះ មន្ទីរនឹងរៀបចំសាងសង់ចំនួន០២កន្លែងសិន ដោយរៀបចំឡើងវិញ០១នៅឆ្នេរអូរឈើទាល និង០១កន្លែងទៀត  នៅឆ្នេរអូរត្រេះ ហើយបន្ដបន្ទាប់ទៅតាមគោលដៅដែលបានកំណត់ និងឯកភាពពីក្រសួង៕

thong-kon thong-kon1 thong-kon2 preasihoknok1 ppp pp p