ព្រះមហាក្សត្រ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ឲ្យ​ប្រកាន់ខ្ជាប់​គោលការណ៍​សាមគ្គីភាព

260

ភ្នំពេញ៖ ខណៈរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បើកបវេសនកាល សម័យប្រជុំរបស់ខ្លួនឡើងវិញនៅថ្ងៃទី៧ ខែតុលានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យផ្ញើព្រះរាជសារមួយច្បាប់ជូនសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៥។

ក្នុងព្រះរាជសារព្រះអង្គបានសព្វព្រះរាជហឫទ័យកោតសរសើរ និងថ្លែងអំណរគុណចំពោះ សម្តេច ប្រធានរដ្ឋសភា ឯកឧត្ដមអនុប្រធានរដ្ឋសភា ឯកឧត្ដម លោកជំទាវ ជាប្រធានគណៈកម្មការទាំង១០ នៃរដ្ឋសភា និងសមាជិក សមាជិកា ទាំងអស់ នៃរដ្ឋសភា ដែលបានបំពេញ ការងារ អស់ពីកម្លាំងកាយចិត្ត ពុំគិតពីការនឿយហត់ ក្នុងការបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងវិសមកាលកន្លងមក។

ព្រះមហាក្សត្រ បានបន្តថា ការខិតខំប្រឹងប្រែងរបស់សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គ្រប់រូប នៃរដ្ឋសភាគឺជាសកម្មភាព បម្រើប្រជាពលរដ្ឋ ជាតំណាងប្រជាពលរដ្ឋ ម្ចាស់ឆ្នោត ដើម្បីផ្ដួចផ្ដើម អនុម័តច្បាប់ និង តាមពិនិត្យមើលការអនុវត្តច្បាប់។ក្រៅពីការតាក់តែងច្បាប់ បានបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន នៅការិយាល័យតាម បណ្តាខេត្ត ឬមណ្ឌលដែលខ្លួនទទួលខុសត្រូវ។

ព្រះករុណា ក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយភាពរឹងមាំ កសាងសេដ្ឋកិច្ចសង្គម ដើម្បីឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និងបញ្ហាប្រឈមទាំងឡាយរបស់ប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនេះ ព្រះអង្គបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ទាំងក្នុង និងក្រៅប្រទេសសូមប្រកាន់ខ្ជាប់ នូវ គោលការណ៍សាមគ្គីភាព ដើម្បីរួបរួមគ្នា សំដៅកសាង និងការពារជាតិ និងសមិទ្ធផលសង្គម៕