កម្មករ​កម្មការិនី​ជិត​២​សែន​នាក់ ទទួល​បាន​ចំណេះដឹង​បន្ថែម​នៅក្រៅ​ម៉ោង​ធ្វើការ​

208

កណ្តាល៖ តំណាងអង្គការស៊ីប៉ា បានលើកឡើងថា ក្រោយពីស៊ីប៉ាបានបើកបណ្ណាល័យនៅតាមបណ្តា រោងចក្រចំនួន៨កន្លែងរួចមក គឺមានកម្មករកម្មការិនីប្រមាណជិត២សែននាក់ ទទួលបានចំណោះដឹងថ្មីៗបន្ថែមទៀត សម្រាប់ការអភិវឌ្ឍន៍ការងារ និងមុខរបរបស់ពួកគាត់ ។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា បានលើកឡើងនៅក្នុងពិធីបើកសម្ពោធបណ្ណាល័យមណ្ឌលធនធាន នៅរោងចក្រTY Fashionដែលមានទីតាំងនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នេះថា មកដល់ពេលនេះបានបង្កើតបណ្ណាល័យរបស់ខ្លួននៅតាមបណ្តារោងចក្រ បានចំនួន៩កន្លែងហើយ បើរាប់ទាំងបណ្ណាល័យដែលសម្ពោធនៅក្នុងថ្ងៃនេះ ក្នុងនោះលោកសង្ឃឹមថា នឹងមានកម្មករកម្មការិនី ចូលមកអាន ដើម្បីពង្រីកនូវចំណេះដឹងកាន់តែច្រើន ដែលជាឱកាសយ៉ាងល្អសម្រាប់បង្កើនចំណេះថ្មីៗបន្ថែម តាមរយៈការអាន ក៏ដូចជាការថែទាំសុខភាព និងការយល់ដឹងនូវព័ត៌មានថ្មីៗជាច្រើនទៀតផងដែរ។

លោកបានបន្តថា ក្រៅពីការអានសៀវភៅកម្មករ កម្មការិនី និងបុគ្គលិកទាំងអស់ ក៏អាចឆែកព័ត៌មានតាមថេបប្លេតរបស់ក្រុមហ៊ុនSmartដែលបានរួមចំណែកនៅក្នុងគម្រោងនេះដែរ ដើម្បីជំរុញឲ្យកម្មករកាន់តែមានលទ្ធភាព ទទួលបានព័ត៌មានកាន់តែច្រើន សម្រាប់ការអនុវត្តន៍លំហាត់ និងជាជំនួយនៅក្នុងការសិក្សា។

លោក លឹម អេតម៉ុន នាយកចាត់ការទូទៅរោងចក្រកាត់ដេរ TY Fashionបានលើកឡើងថាការដែលស៊ីប៉ា បានមកបើកបណ្ណាល័យដល់រោងចក្រនេះគឺជាការបន្តវឌ្ឍនភាពរបស់កម្មករកម្មការិនី ក្នុងការពង្រីក ចំណេះដឹងរបស់ខ្លួន ការផ្តល់បរិយាកាសការងារកាន់តែប្រសើរការបង្កើននូវលទ្ធភាពការងារ និងការលើកកម្ពស់ចំណេះ ដឹង ក៏ដូចជាចំណេះដែលពួកគាត់កំពុងអនុវត្តន៍សព្វថ្ងៃផងដែរ ។

ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ បានលើកឡើងនូវការកោតសរសើរដល់អង្គការស៊ីប៉ា ដែលបានចូលរួមចំណែកក្នុងការពង្រីកចំណេះដឹងបន្ថែមដល់កម្មករកម្មការិនី តាមរយៈនៃការស្វែងយល់នៅលើការអាន និងឆែកមើលព័ត៌មានផ្សេងៗ នៅក្នុងបណ្ណាល័យនេះ ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងទៀតថា វឌ្ឍនភាពនៃការរីកចម្រើននេះ កម្មករកម្មការិនីគឺ កាន់តែមានការយល់ដឹងកាន់តែច្រើន ជាក់ស្តែងការចរចារប្រាក់ខែគោលសម្រាប់ឆ្នាំ២០១៧ គឺបានប្រព្រឹត្តទៅដោយរលូន នៅក្នុងការឯកភាពគ្នា១៥៣ដុល្លារក្នុង១ខែ ក្នុងនោះ កម្មករកម្មការិនីអាចទទួលបានច្រើនជាងនេះ បើបូកជាមួយ ប្រាក់ឧបត្ថម្ភបន្ថែមទៀត៕