ប្រជាពលរដ្ឋ​ជាង​៥​លាន​នាក់​បាន​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​១ កញ្ញា ដល់​ថ្ងៃទី​៩ តុលា​

332

ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បង្ហាញថា ប្រជាពលរដ្ឋជាង៥លាន នាក់បានចុះឈ្មោះបោះឆ្នោត ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី ខែ៩តុលា  ក្នុងចំណោមប្រជាពលរដ្ឋ គ្រប់អាយុបោះឆ្នោតជាង៩លាននាក់។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឲ្យដឹងថា    ក្នុងចំណោមខេត្ត ក្រុងទាំង២៥ នោះរាជធានីភ្នំពេញ និងខេត្តកណ្តាល ចុះបានច្រើនជាងគេ គឺរាជធានីភ្នំពេញ សម្រេចបានជាង៤សែន ៥ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋគ្រប់អាយុ១៨ឆ្នាំឡើងជាង៩សែន ៨ម៉ឺននាក់ ខេត្តកណ្តាល បានជាង៤សែន ៤ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងជាង៨សែននាក់ និងខេត្តព្រៃវែង បានជាង៤សែននាក់ក្នុងចំណោមប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងជាង៧សែននាក់។

សូមបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ដែលបើកធ្វើការជារៀងរាល់ថ្ងៃគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង អាចទៅចុះឈ្មោះ បោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ដើម្បីបំពេញកាតព្វកិច្ចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ និងជ្រើសរើស តំណាងរាស្ត្រ ទៅលើគណបក្សណាដែលខ្លួនពេញចិត្ត។

សូមបញ្ជាក់ថា សម្រាប់ការចុះឈ្មោះបោះឆ្នោតនេះ  អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ឬចាស់ ក៏អាចយកទៅសុំការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ បានដែរ៕