ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​៦០​ម៉ឺន​នាក់ ​ឋិត​ក្នុង​ភាព​ពិ​ការភ្នែក​

359

តាកែវ  ៖ យោងតាមរបាយការណ៍អង្កេតរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងចំណោម ប្រជាពលរដ្ឋខ្មែរទាំងអស់ គឺមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ ឋិតនៅក្នុងភាពពិការភ្នែក ។

មន្ត្រីសុខាភិបាល បានឲ្យដឹងថា មនុស្សជាងពីររយលាននាក់នៅទូទាំងពិភពលោក ក្នុង ពេលបច្ចុប្បន្ននេះ បានឋិតនៅក្នុងភាពពិការភ្នែក ក្នុងនោះប្រទេសកម្ពុជា មានប្រជាពលរដ្ឋប្រ មាណ៦០ម៉ឺន ក្នុងចំណោមប្រជាពលរដ្ឋជាង១៤លាននាក់ ក៏ឋិតនៅក្នុងភាពពិការភ្នែកដែរ ។

លោកវេជ្ជបណ្ឌិត តែ សេរីបុណ្យ ប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវ បានឲ្យដឹងយ៉ាង ដូច្នេះ ក្នុងពិធីសុខភាព ភ្នែកពិភពលោក ដែលបានរៀបចំឡើងនៅមន្ទីរពេទ្យភ្នែកខេត្តតាកែវ នៅថ្ងៃ ទី១២ ខែតុលា នេះ ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋពិការភ្នែកទាំងប្រមាណ៦០ ម៉ឺននាក់នេះ គឺអាចបង្ការមុន និង ចូលមកពិនិត្យព្យាបាលជាសះស្បើយបាន៨០ភាគរយ ដោយឡែក២០ភាគរយទៀត គឺមិនអាចព្យាបាលបាននោះទេ ព្រោះពួកគេបានងងឹតភ្នែកតាំង ពីកំណើតមកម្ល៉េះ ។

លោក បានបន្តថា យោងតាមយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល គឺនឹងប្រឹងប្រែងធ្វើ ការកាត់បន្ថយបញ្ហាពិការភ្នែករបស់ប្រជាពលរដ្ឋ ឲ្យធ្លាក់មកនៅប្រមាណ២៤ភាគរយនៅក្នុង ឆ្នាំ២០១៩ ។  ប៉ុន្តែការកាត់បន្ថយនេះ អាចសម្រេចទៅបាន លុះត្រាតែមានការចូលរួមពីស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និង សង្គមស៊ីវិល ជាពិសេស ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងតែម្ដង ។

លោកវេជ្ជបណ្ឌិត តែ សេរីបុណ្យ បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានបញ្ហា ភ្នែក ត្រូវតែចូលមកព្យាបាលនៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ចៀសវាងទុកឲ្យមាន សភាពធ្ងន់ធ្ងរដែលនាំឲ្យភ្នែកងងឹតមិនអាចព្យាបាលបាន ។ មន្ទីរពេទ្យភ្នែកខេត្តតាកែវ នឹងធ្វើ ការពិនិត្យព្យាបាលភ្នែកដោយឥតគិតថ្លៃ ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែតុលា នេះ ដូច្នេះ នេះជាឱកាសរបស់ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក អាចចូលមកពិនិត្យ ព្យាបាលឲ្យបានទាន់ពេលវេលា ៕