រដ្ឋ​មន្ត្រីក្រសួង​រៀបចំ​ដែនដី​ សំណូមពរ​ដល់​ស្ថាបត្យករ​ខ្មែរ ​និង​អន្តរជាតិ ជួយ​ទប់​ស្ដាត់​ការប្ដូរ​ទ្រង់​ទ្រាយ​សំណង់ ​បម្រើ​វប្បធម៌​បរទេស​ហួសហេតុ

390

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សំណូមពរ ដល់បណ្តាស្ថាបត្យករ ខ្មែរ និងស្ថាបត្យករជប៉ុន ដែលជាដៃគូរ ជួយទប់ស្ដាត់ ចំពោះការប្ដូរទ្រង់ទ្រាយសំណង់គ្រប់ប្រភេទ ដែលមានលក្ខណៈ ស្ថាបត្យកម្មបម្រើវប្បធម៌បរទេសហួសហេតុ នៅលើទឹកដីកម្ពុជា ។

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សំណូមពរ ដូចនេះ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ស្ថាបត្យកម្ម សំណង់ អចលទ្រព្យ និងការគ្រប់គ្រងសណ្ឋាគារ ក្រោមបទឧទ្ទេសនាម បង្ហាញ របស់លោក ហ៊ីរ៉ូតាកា សេគីដូ ដែលជាស្ថាបត្យករជំនាញ និងជាអគ្គនាយករង នៃសម្ព័ន្ធក្រុមហ៊ុនស្តាតគ្រុប របស់ប្រទេសជប៉ុន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៦។

ឯកឧត្តម មានប្រសាសន៍ថា ដោយវិស័យសេវាកម្មសំណង់ គឺជាប្រភពដ៏សំខាន់មួយនៃ កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ រាជរដ្ឋាភិបាលគ្រោងបន្តជំរុញការធ្វើសមាហរណកម្មវិជ្ជាជីវៈ និងសេវា កម្មក្នុងតំបន់ ដែលនឹងផ្ដល់ឱ្យកម្ពុជានូវឱកាសកសាងសេដ្ឋកិច្ច និងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា ដូចជាការ កើនឡើងនៃវិនិយោគ កំណើនការងារ កំណើនប្រាក់ចំណូល និងកំណើនសេដ្ឋកិច្ចជាតិ ដែលជាកត្តាសំខាន់សម្រាប់ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការចូលរួម កសាងសហគមន៍អាស៊ានផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានសំណូមពរ ដល់ស្ថាបត្យករខ្មែរទាំងអស់ និងក្រុមអន្តរជាតិជាដៃគូរ ជួយបន្តពង្រឹងសមត្ថភាពជំនាញ និងខិតខំបំពេញការងាររបស់ខ្លួនឱ្យបានពេញលេញ ក្នុងការគោរពក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេសបន្តយកចិត្តទុកដាក់ជួយទប់ស្ដាត់ ចំពោះការប្ដូរទ្រង់ទ្រាយសំណង់ គ្រប់ប្រភេទ ដែលមានលក្ខណៈស្ថាបត្យកម្មបម្រើវប្បធម៌បរទេសហួសហេតុ នៅលើទឹកដីកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ស្ថាបត្យករដែលបានចុះបញ្ជីនៅគណៈស្ថាបត្យករកម្ពុជា នឹង ទទួលបានផលប្រយោជន៍ជាច្រើនដូចជា ការតម្លើងឋានៈ និងគោរមងារជាស្ថាបត្យករជាតិ ស្ថាបត្យករអាស៊ាន ទទួល បានការបំពាក់បំប៉នជំនាញបន្ថែមក្នុងប្រទេស ឬក្រៅប្រទេសក្នុងតំបន់អាស៊ាន និងមានសិទ្ធិប្រកបវិជ្ជាជីវៈនៅក្នុង ប្រទេស និងក្រៅប្រទេស ជាសមាជិកអាស៊ានផងដែរ ៕

chea-sophara-1jpg chea-sophara2 chea-sophara chea-sophara3