អ្នក​វិនិយោគ​ចិន​ចូល​ជំនួស​កូរ៉េ​ក្នុង​វិស័យ​អចលនទ្រព្យ

363

ភ្នំពេញ ៖ អ្នកវិនិយោគចិនបានចូលជំនួសកូរ៉េ ក្នុងនាមជាអ្នកវិនិយោគក្នុងវិស័យអចលនវត្ថុកម្ពុជា បន្ទាប់ពីអ្នកវិនិយោគមកពីប្រទេសកូរ៉េ បានឈរលំដាប់លេខ១ ក្នុងវិស័យនេះ អស់រយៈពេលជាង១ទសវត្សរ៍។

លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹង កាលពីសប្តាហ៍មុនថា គិតចាប់ពីឆ្នាំ២០០០ រហូតមកដល់ត្រឹមរយៈពេល៩ខែដើមឆ្នាំនេះ មានអ្នកវិនិយោគឯកជនជាជនបរទេស បានសាងសង់ចំនួន២៨៧គម្រោង មានផ្ទៃក្រឡាសរុបជាង១២លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបទំហំ៤២៩៧លានដុល្លារអាមេរិកមកពី១៨ប្រទេស ក្នុងនោះប្រទេសចិនមានគម្រោងសរុបចំនួន១១០ ក្នុងចំណោមគម្រោងសរុបចំនួន២៨១ និងមានទុនវិនិយោគ១៦៥៦លានដុល្លារអាមេរិក ឈរនៅចំណាត់ថ្នាក់ទី១ និងកូរ៉េស្ថិតក្នុងចំណាត់ថ្នាក់ទី២។

លោក បន្តថា សមត្ថកិច្ចក្រសួង និងមន្ទីរ គ្រប់រាជធានី ខេត្តបានអនុម័តគម្រោងសាងសង់ចំនួន២០០៩ គម្រោង ស្មើនឹងផ្ទៃក្រឡាទំហំជាង១០.៥លានម៉ែត្រការ៉េ និងមានទឹកប្រាក់ចំនួនវិនិយោគចំនួន៧៥៦០លានដុល្លារអាមេរិក កើនឡើងជាង៣៣១ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក បន្តថា  គម្រោងដែលបានដាក់ស្នើមកក្រសួងភាគច្រើន ជាគម្រោងរបស់អ្នកវិនិយោគក្នុងស្រុក អ្នកវិនិយោគបរទេសសហការជាមួយអ្នកវិនិយោគក្នុងស្រុក និងគម្រោងរបស់អ្នកវិនិយោគបរទេស។

លោកឡៅ ទិព្វសីហាបន្តថា“គម្រោងដែលបានស្នើសុំឆ្នាំនេះមានលក្ខណៈចម្រុះ ដូចជាបុរីលំនៅឋាន រោងចក្រ សហគ្រាស សណ្ឋាគារ ខុនដូ អាគារការិយាល័យ    ខ្ពស់ៗ និងអាផាតម៉ិនជាដើម”។លោក បន្តថា “ការព្រួយបារម្ភរបស់អ្នកមួយចំនួន ចេះតែព្រួយបារម្ភ តែស្ថានភាព និងសកម្មភាពសាងសង់នៅតែបន្តសកម្មភាពធម្មតា និងមានអ្នកស្នើសុំគម្រោងសាងសង់មកបន្តទៀត”។

លោក បន្តថា “ដំណើរការអភិវឌ្ឍន៍ក្នុងវិស័យនេះ លោកនៅតែគិតថា មានភាពនឹងនល្អ មិនមានអ្វីប្រែប្រួលនោះទេ ព្រោះបើអ្នកវិនិយោគព្រួយបារម្ភ ពួកគេមិនដាក់ពាក្យស្នើសុំសាងសង់នោះទេ”។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនHutton CPLបានថ្លែងថា ការមកវិនិយោគច្រើនរបស់អ្នកវិនិយោគមកពីប្រទេសចិន ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និងចិន ដែលមានតាំងពីជំនាន់សម្តេចព្រះបរមរតនៈកោដិនរោត្តមសីហនុ និងរាជរដ្ឋាភិបាលបច្ចុប្បន្ន។លោក បន្តថា អ្នកវិនិយោគមកវិនិយោគច្រើននៅកម្ពុជាជារឿងល្អ ឲ្យតែការវិនិយោគនោះជាការវិនិយោគដោយត្រឹមត្រូវ និងជាការវិនិយោគដែលមានចក្ខុវិស័យច្បាស់លាស់។

លោកបន្តថា លើសពីវិស័យអចលនទ្រព្យ អ្នកវិនិយោគចិនក៏បានជួយវិនិយោ គលើវិស័យហេដ្ឋារចនា សម្ព័ន្ធ នៅកម្ពុជាច្រើនផងដែរ ពិសេសគម្រោងសាងសង់ផ្លូវហាយវេ ពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុនៅដើមឆ្នាំ២០១៧ ខាងមុខនេះ គឺជារឿងប្រវត្តិសាស្ត្ររបស់កម្ពុជា៕