អតីត​ប្រមុខ​ការទូត​កម្ពុជា​ថា​ គណបក្ស​មួយ​ចំនួន​យក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ កេង​ចំណេញ​នយោបាយ​

328

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងប្រាប់ដល់ លោក Jean David levitte ដែលជាអតីតមន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសបារាំង ទទួលបន្ទុករៀបចំការចរចា និងសម្រួលការចរចា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣ តុលា ឆ្នាំ១៩៩១ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ថា មានគណបក្សខ្លះបានយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកវាយប្រហាររាជរដ្ឋាភិបាល ហើយថាការវាយប្រហាររបស់ពួកគេទាំងនោះគឺដើម្បីគេងចំណេញនយោបាយតែប៉ុណ្ណោះ។

ឯកឧត្ដម ហោ ណាំហុង បានលើកឡើងទៀតថា ប្រទេសកម្ពុជានាពេលនេះ គឺមានការអត្ថាធិប្បាយនិងការវិភាគច្រើនថា រាជរដ្ឋាភិបាលបច្ចុប្បន្ននេះមិនបានគោរព កិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យបានពេញលេញ ជាពិសេសគឺការគោរពសិទ្ធិមនុស្សតែម្តង។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបនោះ ឯកឧត្ដម ហោ ណាំហុង បានលើកឡើងទៀតថា “កិច្ចព្រមព្រៀងទីក្រុងបារីស បានឆ្លុះបញ្ចាំងនៅក្នុងរដ្ឋធម្មនុញ្ញ របស់យើងអស់ហើយ គឺមានទាំងអស់ ដូច្នេះសូមកុំច្រឡំបញ្ហានយោបាយ សភាពការណ៍នយោបាយជាមួយកិច្ចព្រមព្រៀងទីក្រុងបារីស។ កិច្ចព្រមព្រៀងមានមាត្រារបស់គេដែលនិយាយច្បាស់លាស់ជាលាយលក្ខណ៍អក្សរច្បាស់លាស់របស់គេ”។

ឯកឧត្ដម ហោ ណាំហុង បានលើកឡើងថា នៅក្នុងកិច្ចជំនួបនោះ លោក Jean David levitteថ្លែងថា អតីតព្រះមហាក្សត្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាអ្នកដើរតួយ៉ាងសំខាន់ បំផុតសម្រាប់ឈានទៅដល់ការចរចានាពេលនោះហើយថាវត្តមានរបស់ Jean David levitte ពិតជាប្រសើរដោយសារ នៅកម្ពុជាមានអ្នកអធិប្បាយ និងវិភាគច្រើន និយាយពីកិច្ចព្រមព្រៀងទីក្រុងបារីស នៅក្នុងឱកាសខួបលើកទី២៥នេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ គឺជាខួបលើកទី២៥ នៃកិច្ចព្រមព្រៀងនេះ។ ទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ត្រូវបានគណបក្សសង្គ្រោះជាតិអះអាងថារាជរដ្ឋាភិបាលមិនបានគោរពឲ្យបានពេញលេញនោះឡើយ ជាពិសេស គឺបញ្ហាសិទ្ធិមនុស្សតែម្តង៕