ADB ​ផ្តល់​កម្ចី​៣០​លាន​ដុល្លារ​គាំទ្រ​ដល់​ការ​បង្កើន​ស័ក្ដិសិទ្ធភាព ​និង​ប្រសិទ្ធភាព ​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​

351

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានសម្រេចផ្តល់កម្ចី៣០លានដុល្លារ អាមេរិកដល់កម្ពុជា ដើម្បីដើម្បីគាំទ្រ ដល់ការបង្កើនស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយនៅថ្ងៃទី២០ តុលានេះ បានឲ្យដឹងថា កម្ចីនេះ នឹងផ្តល់ហិរញ្ញប្បទានដល់អនុកម្មវិធី គឺកម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដែលគាំទ្រដល់ការអនុវត្តន៍ដំណាក់កាលទី៣ នៃកម្មវិធី កំណែទំរង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបែងចែកជា៤ដំណាក់កាល។

លោក សាមីយូអ៊ែឡា តាគូហ្វូ(Samiuela Tukuafu) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានថ្លែងថា កម្មវិធីនឹងជួយបង្កើនប្រសិទ្ធភាព នៃសេវាសាធារណៈ នៅក្នុងប្រទេសកម្ពុជា រាប់បញ្ចូលទាំងសេវាសម្រាប់ជនក្រីក្រ និងងាយរងគ្រោះផងដែរ តាមរយៈការពង្រឹងការគ្រប់គ្រងចំណាយ និងចំណូលសាធារណៈ និងការផ្សារភ្ជាប់ថវិកាឲ្យកាន់តែមានទំនាក់ទំនងជិតស្និទ្ធ  ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាល។លោក បន្តថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈល្អប្រសើរជាងមុន នឹងធ្វើឲ្យថវិការបស់រដ្ឋាភិបាលនឹងមានការកើនឡើង ក៏ដូចជាជួយឲ្យមានការវិភាជន៍ធនធាន ថវិកា កាន់តែមានប្រសិទ្ធភាព ។

សេចក្តីប្រកាសព័ត៌មាន ដដែល បានបន្តថា កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានគោលបំណងបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យ ភាពនៃការគ្រប់គ្រងចំណាយ និងចំណូលសាធារណៈតាមបែបផែនចំនួនបី។ វានឹងមានការពង្រឹងក្របខ័ណ្ឌគោលនយោបាយ និងគតិយុត្តិ សម្រាប់ការគ្រប់គ្រងចំណាយ និងចំណូលក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សមត្ថភាពរបស់ក្រសួងពាក់ព័ន្ធ ក៏នឹងត្រូវបង្កើនផងដែរ ដើម្បីអនុវត្តន៍សកម្មភាពកែទម្រង់ការរៀបចំថវិកា និងការគ្រប់គ្រងចំណាយ៕