កាំកុងត្រូល​សាខា​ខេត្តកោះកុង ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅ​ច្រក​ចាំ​យាម និង ទីផ្សារ​

279

កោះកុង ៖ ដើម្បីសុវត្ថិភាពគុណភាពចំណីអាហារ សមត្ថកិច្ចជំនាញអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យគុណភាពទំនិញគ្រប់ប្រភេទ ដែលចរាចរណ៍ចូលតាមច្រកព្រំដែននានា និង ការដាក់តាំងលក់លើទីផ្សារនានា នៅទូទាំងប្រទេសកម្ពុជា ។

លោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២០ ខែតុលា នេះថា មន្ត្រីជំនាញកាំកុងត្រូល សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញ នៅមាត់ច្រកទ្វារអន្តរជាតិចាំយាម និង ផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

លោក បានបញ្ជាក់ថា ការចុះផ្សព្វផ្សាយណែនាំអាជីវករលក់ដូរ អំពីសុវត្ថិភាពគុណភាពទំនិញ និងធ្វើការពិនិត្យគុណភាពទំនិញ ក្នុងគោលបំណងដើម្បីកំណត់រកសូចនាករនៃគ្រោះទៅលើទំនិញ ដែលជាគ្រឿងឧបភោគបរិភោគ ដែលមានលក្ខណៈមិនប្រក្រតី បង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។ ការត្រួត ពិ និត្យការតាំងលក់ទំនិញនៅលើទីផ្សារ និងការនាំចូលតាមច្រកចាំយាម ដូចជាទំនិញហួសកំណត់រយៈពេលប្រើប្រាស់ ទំនិញគ្មានស្លាកសញ្ញាត្រឹមត្រូវ និង ទំនិញដែលមានលួចដាក់បន្ថែមនូវសារធាតុគីមី (ម្សៅសប៉ូរ៉ាក់ ហ្វ័ម៉ូលីន ។ល។)

លោក បានបន្ថែមថា ជាលទ្ធផលក្នុងការត្រួតពិនិត្យទំនិញថ្ងៃនេះ ក្រុមការងារបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួនបន្តិចបន្តួច ចំណែកទំនិញមានសារធាតុគីមីពុំមានទេ ព្រោះប្រជាពលរដ្ឋ និង អាជីវករមានការយល់ដឹងខ្ពស់ និង បញ្ហាសុខភាពជាចម្បង ។

លោក បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋ និង អាជីវករ ត្រូវបានមន្ត្រីកាំកុងត្រូលណែនាំជាញឹកញាប់ឲ្យមើលថ្ងៃ ខៃ ឆ្នាំ ផលិតរបស់ទំនិញ ដែលនាំចូលមុននឹងពួកគេទិញមកលក់បន្ត ។ លោកក៏បានស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មានឲ្យបានទូលំទូលាយដល់មន្ត្រីសមត្ថកិច្ចគ្រប់មូលដ្ឋាន ដើម្បីទប់ស្កាត់ទំនិញខូចគុណភាព ៕

kamkongtrol3 kamkongtrol2 kamkongtrol1 kamkongtrol