ពលរដ្ឋ​ខ្មែរ​ជាង​៦​លាន​នាក់​ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល​ជិត​៥១​ថ្ងៃ​

266

ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជាជាងពាក់កណ្តាលក្នុងចំណោមប្រជាពលរដ្ឋ ដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតជិត១០លាននាក់ នោះបានទៅចុះឈ្មោះបោះឆ្នោតបើទោះបីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមតំបន់នៃបណ្តាខេត្តមួយចំនួនមាន ភ្លៀងធ្លាក់ខ្លាំង និងជនលិចក៏ដោយនោះ។


យោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានចេញនៅថ្ងៃទី២១ នេះបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរជាងប្រាំមួយលានមួយ សែននាក់បានទៅចូលរួមចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេល៥១ថ្ងៃនេះ ក្នុងចំណោមប្រជាពលរដ្ឋជិត១០លាននាក់ដែលមានអាយុគ្រប់សម្រាប់ការចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៧និង២០១៨ខាងមុខនេះ។

សេចក្តីជូនដំណឹងរបស់ គ.ជ.ប. បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ កញ្ញាដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ មានប្រជាពលរដ្ឋខ្មែរទាំង១,៦២៩ឃុំ-សង្កាត់លើ២៥ខេត្ត-រាជធានីនិងក្រុង ចំនួន៦,១២៤.១៤៩នាក់ ក្នុងមានស្ត្រីចំនួន៣.១៨២៣២៦.៧៦៨នាក់ បានមកចុះឈ្មោះបោះឆ្នោត។

សូមរំលឹកថា ការចុះឈ្មោះបោះឆ្នោតឆ្នាំថ្មីនេះគឺ តាមរយៈប្រព័ន្ធកុំព្យូទ័រ ហើយការចុះឈ្មោះតាមរយៈ បច្ចេកទេសទំនើបនេះ នឹងមិនមានឈ្មោះស្ទួនដូចកាលគ្រាមុនៗ នោះឡើយ ហើយមិនតែប៉ុណ្ណោះការចុះឈ្មោះថ្មីនេះក៏មានការជឿជាក់ខ្លាំងពីសំណាក់របស់បងប្អូនប្រជាពលរដ្ឋ និងមជ្ឈដ្ឋានជាតិ និងអន្តរជាតិផងដែរ។

បើតាម ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងកាលពីកន្លងទៅថា ដំណើរនៃការចុះឈ្មោះបោះឆ្នោតនាពេលនេះ មានការគាំទ្រ និងឧបត្ថម្ភពីសហភាពអឺរ៉ុប និងប្រទេសជប៉ុនទាំងបច្ចេកទេសជំនាញ និងសម្ភារៈជាដើម។ តែទោះយ៉ាងក៏ដោយឯកឧត្តមបញ្ជាក់ថា គជប ក៏នូវមានបញ្ហាមួយចំនួនដែរ ដូចជាបញ្ហាបញ្ជូនឈ្មោះអ្នកបោះឆ្នោតមកកាន់ការិល័យ គជប ព្រោះថា ប្រព័ន្ធទូរស័ព្ទភ្ជាប់អិនធើណិត ក្នុងប្រទេសកម្ពុជា នៅមានកំរិតនៅតាមតំបន់មួយចំនួននៅឡើយ។ ប្រទេសកម្ពុជា នឹងធ្វើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះហើយបោះឆ្នោតសកលឆ្នាំ២០១៨ដែលនឹងមានគណបក្សជាច្រើនចូលរួមប្រកួតប្រជែង ។ សម្រាប់អ្នកដែល មានអាយុការចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦នេះគឺមានចំនួន៩,៦៦៤,២១៦នាក់។

ម្ចាស់ជំនួយបានលើកឡើងថា ការចុះឈ្មោះបោះឆ្នោតថ្មីនេះនឹងប្រព្រឹត្តទៅដោយមានភាពរលូន តម្លាភាព និងអព្យាក្រឹត្យភាព។ ការលើកឡើងយ៉ាងដូច្នេះ គឺដោយសារការចុះឈ្មោះ នាពេលនេះតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើប។

ការចុះឈ្មោះបោះឆ្នោតថ្មីនេះគឺមានរយៈពេលបីខែ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ហើយបើតាមមន្ត្រីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានអះអាងថា មានប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុចុះឈ្មោះគឺមានជិត១០លាននាក់៕