NOCC រៀបចំ​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​សាកល្បង​មុន​ពិធី​បើកផ្លូវ​ការ​ធ្វើ​នៅ​ចុង​ខែ​នេះ​

256

កីឡាជាតិ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលទទួលបន្ទុករៀបចំពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី១ កាលពីថ្ងៃទី២៣ ខែតុលានេះ បានរៀបចំពិធីបើកសាកល្បងលើទីលានពហុកីឡដ្ឋានជាតិមុននឹងរៀបចំពិធីផ្លូវការនៅថ្ងៃទី២៨ ខែតុលាខាងមុខ។

m15

ពិធីបើកផ្លូវការនេះបានធ្វើឡើងដោយមានការចូលរួមត្រួតពិនិត្យពីឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ឯកឧត្ដម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ត្រីស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ នៅក្នុងពិធីបើកការប្រកួតកីឡាជាតិសាកល្បងនេះ គណៈកម្មការបានបង្ហាញនូវទស្សនីយភាពមួយចំនួន ដូចជាការលោតឆត្រយោងពីលើអាកាសចុះកណ្ដាលទីលានពហុកីឡដ្ឋានជាតិអមដោយទង់ជាតិ ទង់កីឡាជាតិ និងទង់អូឡាំពិករបស់កងទ័ព, ការរត់ភ្លើងគប់, ការបង្ហាញក្បាច់គុនបុរាណខ្មែរល្បុក្កតោដោយក្រុមកងទ័ព និងក្រុមសិស្ស-និស្សិតជាច្រើនរយនាក់ការបង្ហាញនូវក្បួនពិសេសៗ របស់ក្រុមមជ្ឈមណ្ឌលសាលាកីឡាជាតិ និងក្បួនព្យុហយាត្រារបស់កងទ័ពជាដើម។ឯកឧត្ដម ថោង ខុន បានចាត់ទុកជាជំហានជោគជ័យមួយ ដោយសារការរៀបចំទទួលបានផ្លែផ្កាដូចការគ្រោងទុក។ ជាងនេះទៅទៀតឯកឧត្ដមបានអំពាវនាវ ដល់ជនរួមជាតិទាំងអស់ចូលរួមទស្សនា និងគាំទ្រពិធីបើកការ ប្រកួតកីឡាជាតិផ្លូវការ នៅថ្ងៃទី២៨ ខែតុលាខាងមុខឲ្យបានច្រើនកុះករ ព្រោះនេះគឺជាព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រ ដែលនឹងមានការរៀបចំទ្រង់ទ្រាយធំ ស្របតាមស្តង់ដារការប្រកួតកីឡាស៊ីហ្គេម ដើម្បីដកស្រងបទពិសោធន៍ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ខាងមុខ។

m13 m12
ជាមួយគ្នានោះលោកវីរសេនីយ៍ឯក គឹម ដានី ជាគ្រូបង្ហាត់ក្បួនកីឡាល្បុក្កតោ ត្រៀមចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិ នាពេលខាងមុខនេះបានលើកឡើងថា កូនក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបង្ហាញនូវក្បាច់គុនបុព្វបុរសខ្មែរឲ្យអ្នកចូលរួមបានទស្សនា ហើយលោកក៏មានមោទនភាពសម្រាប់ការចូលរួមនេះផងដែរ។ ដោយឡែកលោក ប៉ែន ផាត វិរៈបុរសបាល់ទាត់ឆ្នើមកាលពីទសវត្សរ៍ឆ្នាំ៨០ បានឲ្យដឹងថា លោកពិតជាមានមោទនភាពដែលថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ បានបង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើងវិញ ដែលបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃវិស័យកីឡាបច្ចុប្បន្ន និងបង្ហាញឲ្យអន្តរជាតិស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ការរៀបចំពិធីបើកការប្រកួតសាកល្បងខាងលើ គ្រាន់តែជាការបង្ហាញនូវកម្មវិធីមួយចំនួនប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងគឺមានការរៀបចំកម្មវិធីជាច្រើន ដូចជាការប្រគំតន្ត្រីចូលរួមដោយកំពូលតារាងចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេមរៈ សេរីមន្ដ, កញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា មាស សុខសោភាជាដើម  រួមទាំងការបាញ់កាំជ្រួច និងការបំពាក់ដោយភ្លើងពណ៌អមដោយបទភ្លេង។ អ្វីដែលពិសេសគឺពិធីបើកនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក្រុមការងារទូរទស្សន៍ BTV-News នឹងធ្វើការផ្សាយផ្ទាល់ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកាឯណោះ៕
អត្ថបទ លី ឈុនឡា