ដំណាច់ត្រីមាស​ទី​៣ ភ្ញៀវ​អន្តរជាតិ​ធ្វើដំណើរ​តាមផ្លូវ​អាកាស​កើនឡើង​ជាង​៨​ភាគរយ​

447

ភ្នំពេញ ៖ ដោយសារកំណើននៃជើងហោះហើរមកកម្ពុជា បានធ្វើឲ្យការមកដល់របស់ភ្ញៀវអន្តរជាតិ មកកាន់កម្ពុជាកើនឡើងជាង៨ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិ កម្ពុជាទាំងបី ហៅកាត់ថា SCA បានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំនេះ ចំនួនភ្ញៀវអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុមានជាង២.១៦៩.៤៤១នាក់ កើនឡើង៨.៣៣ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានភ្ញៀវត្រឹមចំនួន២.០០២.៥៩២នាក់ប៉ុណ្ណោះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ឯកឧត្តម ទិត ចន្ថា បានថ្លែងថា មូលហេតុនៃកំណើនមកដល់របស់ ភ្ញៀវទេសចរណ៍អន្តរជាតិ តាមផ្លូវអាកាសដោយសារកម្ពុជាមានជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិនានាកាន់តែច្រើន កម្ពុជាមានផលិតផលទេសចរណ៍កាន់តែសម្បូរ បែប  ពិសេសប្រាសាទអង្គរវត្តដែលជារមណីយដ្ឋានដ៏ល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរណ៍។

លោក បន្តថា សន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឲ្យទំនាក់ទំនងកម្ពុជា ជាមួយប្រទេសនានាកាន់តែមានភាពល្អប្រសើរ។

ឯកឧត្តម បន្តថា គិតត្រឹមរយៈពេល៩ខែឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៣.៧ លាននាក់ កើនឡើង៥ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយលោករំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ប្រមាណ៥លាននាក់នៅដំណាច់ឆ្នាំនេះ ខណៈឆ្នាំ២០១៥កន្លងមកនេះកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិចំនួនជាង៤.៧លាននាក់។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដែលបានធ្វើការហោះហើរត្រង់មកកម្ពុជាចំនួន៣១ក្រុមហ៊ុន ក្នុងនោះ៨ក្រុមហ៊ុនបានហោះមកពីប្រទេសចិន។

តាមរយៈការបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីពេលថ្មីៗនេះ ឯកឧត្តមប្រធានាធិបតីចិន ហ្សី ជីងពីងបានសន្យាជំរុញឲ្យមានជើងហោះហើរត្រង់ពីប្រទេសចិន និងជំរុញភ្ញៀវទេសចរណ៍ចិន មកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត៕