មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ស្នើ​ឲ្យ​ស្ថាប័ន​អនុវត្ត​លទ្ធកម្ម​មួយចំនួន​ដែល​យឺតយ៉ាវ នឹង​រៀបចំ​របាយការណ៍​ជូន​ក្រសួង​ឲ្យ​ទាន់​ពេលវេលា​

390

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឲ្យស្ថាប័នដែលអនុវត្តលទ្ធកម្មមួយចំនួនដែលនៅមានភាពយឺតយ៉ាវនោះ ត្រូវឲ្យរៀបចំរបាយការណ៍ដាក់ជូនក្រសួងឲ្យបានទាន់ពេលវេលាកំណត់។

ឯកឧត្ដម ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តផែនការលទ្ធកម្មឆ្នាំ២០១៦និងការរៀបចំផែនការលទ្ធកម្មឆ្នាំ២០១៧នៅថ្ងៃទី២ ខែវិច្ឆិកានេះថា កិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តផែនការលទ្ធកម្មឆ្នាំ២០១៦និងការរៀបចំផែនការលទ្ធកម្មឆ្នាំ២០១៧ មានការចូលរួមពីក្រសួងចំនួន៤របស់រាជរដ្ឋាភិបាលគឺក្រសួងអប់រំយុវជននិងកីឡាក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក្រសួងផែនការនិងក្រសួងកិច្ចការនារី។

ឯកឧត្ដម បានបន្តថា តាមការពិនិត្យកន្លងមកនេះឃើញថា ស្ថាប័នអនុវត្តលទ្ធកម្មមួយចំនួនធំបានរៀបចំធ្វើផែនការលទ្ធកម្មរបស់ខ្លួនបានល្អ និងបានបញ្ជូនមកឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទាន់ពេលវេលាដែលអាចឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការអនុម័តបានមុនថ្ងៃទី៣១ខែធ្នូ នៃឆ្នាំនីមួយៗ។

ឯកឧត្ដមបានបញ្ជាក់ថា ស្ថាប័នអនុវត្តលទ្ធកម្មមួយចំនួនតូចនៅតែរៀបចំមិនទាន់បានល្អនៅឡើយហើយក៏មិនទាន់បានបញ្ជូនមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទាន់ពេលវេលាទេថែមទៀតផង។

មន្ត្រីក្រសួងសេដ្ឋកិច្ចបន្ថែមថា ក្នុងនាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាំបាច់ត្រូវតែឲ្យសាមីស្ថាប័នអនុវត្តលទ្ធកម្មទាំងអស់នេះធ្វើការរៀបចំធ្វើផែនការលទ្ធកម្មរបស់ខ្លួនឲ្យបានល្អ និងបញ្ជូនមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យបានទាន់ពេលវេលាដើម្បីក្រសួងធ្វើការពិនិត្យនិងអនុម័ត។

បើគិតរហូតទល់នឹងពេលនេះ នៅមានស្ថាប័នអនុវត្តលទ្ធកម្មមួយចំនួនតូចនៅតែអនុវត្តផែនការលទ្ធកម្មប្រចាំឆ្នាំនៅមានភាពខ្វះចន្លោះនិងមានក៏ខុសឆ្គងនៅឡើយហើយក៏មានការប្រាសចាកពីខ្លឹមសារនៃច្បាប់លទ្ធកម្មសាធារណៈដដែល។

ចំណែកការផ្ញើរបាយការណ៍មកក្រសួងវិញមានស្ថាប័នខ្លះអនុវត្តបានល្អខ្លះបានមធ្យម និងខ្លះទៀតអនុវត្តបានកម្រិតតិចតួចហើយក៏មានស្ថាប័នខ្លះទៀតធ្វើមិនបានតែម្តង។

សម្រាប់គោលបំណងសំខាន់នៃការធ្វើផែនការលទ្ធកម្មនេះ គឺដើម្បីរួមចំណែកក្នុងការបង្កើនការជឿទុកចិត្តលើការគ្រប់គ្រងថវិកា ការប្រាប់ឲ្យដឹងអំពីតម្រូវការទំនិញសំណង់សេវាកម្មទាំងបរិមាណនិងតម្លៃសរុបនិងការប្រាប់ឲ្យដឹងអំពីចំនួនគម្រោងដែលត្រូវធ្វើលទ្ធកម្មតម្លៃគម្រោងនីមួយៗតាមវិធីសាស្ត្រមុខសញ្ញានិងប្រភេទលទ្ធកម្មជាដើម៕