សំណង់​អាគារ​សិក្សា អំណោយ​សម្តេច​តេ​ជោ ក្នុង​អនុវិទ្យាល័យ​បឹង​កុក ជិត​​សម្រេច​​បាន​លទ្ធផល

289

កំពង់ចាម ៖ សំណង់អាគារសិក្សា និង សំណង់អាគារទីចាត់ការ ដែលកំពុងដំណើរការសាងសង់ ក្នុងអនុវិទ្យាល័យ បឹងកុក ក្រុងកំពង់ចាម មានសន្ទុះឆ្ពោះទៅរកការសម្រេចលទ្ធផលគួរគត់សម្គាល់ ។

ក្នុងចំណោមការដ្ឋានបួនកន្លែង ក្នុងខេត្តកំពង់ចាម ដែលកំពុងដំណើរការសាងសង់អាគារសិក្សា អាគារទីចាត់ការ និង អន្តេវាសិកដ្ឋាន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សិស្សានុសិស្ស និង គ្រូបង្រៀននោះ ការដ្ឋានសំណង់នៅអនុវិទ្យាល័យ បឹងកុក សង្កាត់កំពង់ចាម ក្រុង-ខេត្តកំពង់ចាម បានមានសន្ទុះឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរជាងគេ ។

នេះបើតាមការវាយតម្លៃរបស់ឯកឧត្តម គីម ប៊ុនថាន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស នៃការចុះត្រួតពិនិត្យដោយផ្ទាល់ គុណភាពសំណង់ទាំងនោះ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ម្សិលម៉ិញនេះ ។

ឯកឧត្តម ខេង សុមេធ មេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទទួលប្រតិបត្តិការ សាងសង់ សំណង់ហេដ្ឋារចនាសម្ព័ន្ធអប់រំ  អំណោយសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២០ ខែកក្កដា មកទល់នឹងថ្ងៃទី០២ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អំណោយអាគារសិក្សា អាគារទីចាត់ការ មត្តេយ្យសាលា ផ្ទះស្នាក់គ្រូ និង សិស្ស សរុបប្រមាណជា២០០ខ្នង ស្មើនឹងប្រមាណ២០០០បន្ទប់ នៅលើបណ្តា១៦ខេត្ត-ក្រុង ក្នុងនេះ ខេត្តកំពង់ចាម រួមមាន៤ទីតាំង គឺ អនុវិទ្យាល័យ បឹងកុក មជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម សាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកំពង់ចាម ដែលឋិតនៅក្នុងក្រុងកំពង់ចាម ជាមួយនេះ ស្រុកចំការលើមានមួយទីតាំងផងដែរ គឺ អនុវិទ្យាល័យ ល្វាលើ ឃុំល្វាលើ ។

ឯកឧត្តម ខេង សុមេធ បានបញ្ជាក់ថា មួយចំណែកនៃអំណោយសម្តេចតេជោ ហ៊ុន សែន    ដែលចៅៗ សិស្សានុសិស្សខេត្តកំពង់ចាម ទទួលបាន រួមមានអាគារសិក្សា៣ខ្នង ស្មើនឹង៥៤បន្ទប់   អន្តេវាសិកដ្ឋាន២ខ្នង ស្មើនឹង២០បន្ទប់ អាគារទីចាត់ការ២ខ្នង ស្មើនឹង០៦បន្ទប់ លើសពីនេះ សម្តេចតេជោ បានផ្តល់អំណោយផ្ទះ៣ល្វែង ដែលមិនមែនជាអន្តេវាសិកដ្ឋាន សម្រាប់ជូនលោកគ្រូអ្នកគ្រូ អនុវិទ្យាល័យ ល្វាលើ ផងដែរ ៕

student-beungkuk student-beungkuk1 student-beungkuk2 student-beungkuk3 student-beungkuk4 student-beungkuk5