មន្ត្រី​ជាន់ខ្ពស់​ក្រសួងកសិកម្ម​ស្នើ​អង្គការ​សង្គម​ស៊ីវិល​រួមគ្នា​ស្ម័គ្រចិត្ត​ធ្វើ​ការងារ​កសិកម្ម​​បម្រើ​ឲ្យ​ផលប្រយោជន៍​រួម​

878

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្នើអង្គការសង្គមស៊ីវិល និងក្រុមហ៊ុនដៃគូនានា គួរត្រូវបញ្ឈប់ការទិតៀនដាក់គ្នាទៅវិញទៅមក ហើយត្រូវរួមគ្នាធ្វើការស្ម័គ្រចិត្តធ្វើការងារកសិពាណិជ្ជកម្ម ដែលបំរើឲ្យផលប្រយោជន៍រួមគ្នាទាំងអស់គ្នា។

នៅក្នុងវេទិកាស្តីពី “ធុរកិច្ច និងសិទ្ធិមនុស្ស” ជំរុញប្រតិបត្តិការកសិពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ថ្ងៃទី៣ ខែវិច្ឆិកានេះ ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទថ្លែងថា ខណៈកងកម្លាំងការងារធ្វើកសិកម្មបានកំពុងធ្លាក់ចុះ ឯកឧត្តមជំរុញឲ្យបណ្តាអង្គការសង្គមស៊ីវិល និងក្រុមហ៊ុនដៃគូនានាត្រូវរូមសហការ លើកទឹកចិត្តជាមួយប្រជាកសិករ ដើម្បីឲ្យផលដំណាំរបស់គាត់នៅពេលដាំបានផលហើយ គឺត្រូវមានទីផ្សារ។

ទន្ទឹមនឹងនេះ ឯកឧត្ដមក៏ចង់ឲ្យគ្រប់ភាគីមួយទាំងផ្នែកសាធារណៈ ផ្នែកឯកជន និងសង្គមស៊ីវិល ដែលជាអ្នកស្ម័គ្រចិត្ត គឺជាផ្នែកមួយនៃដំណើរដោះស្រាយបញ្ហាកសិកម្ម ហើយប្រជាកសិករក៏ត្រូវផ្លាស់ប្ដូរផ្នត់គំនិតពីការប្រកបមុខរបរសម្រាប់ចិញ្ចឹមឆ្នាំង ធ្វើដំណាំសម្រាប់ហូបតែមាត់របស់គាត់ ទៅជាប្រកបទៅមុខរបរ ដើម្បីហូបខ្លួនឯងផង និងដើម្បីលក់ចែកចាយទៅលើទីផ្សារផង។

ឯកឧត្ដម ទី សុគន្ធ ថា ផ្ទុយទៅវិញប្រសិន បើគ្រប់ភាគីពាក់ព័ន្ធ មានតែការប្រឈមមុខដាក់គ្នា មិនមានដំណោះស្រាយនោះ គឺការងារការធ្វើកសិពាណិជ្ជកម្មនោះ វាមិនបានជោគជ័យនោះទេ ហើយអ្នករងការ បរាជ័យគឺប្រជាកសិករ និងអ្នកប្រើប្រាស់ផលិតផលកសិកម្មរបស់ប្រជាកសិករ។

ឯកឧត្ដមបន្តថា បច្ចុប្បន្នក្រសួងកសិកម្ម បានកំពុងអនុវត្តនូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាល សម្រាប់ធ្វើការចងភ្ជាប់រវាងឈ្មួញអ្នកទិញ និងកសិករ ដែលធានាធ្វើយ៉ាងណាឲ្យគ្រប់ផលដំណាំរបស់ប្រជាពលរដ្ឋ នៅពេលដាំទទួលបានផលហើយ គឺត្រូវមានទីផ្សាររបស់វា។

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជាថ្លែងថា នៅក្នុងវេទិកានេះ គឺមានអង្គការសង្គមស៊ីវិល ក្រុមហ៊ុនឯកជន និងអង្គភាពមកតាមស្ថាប័នរដ្ឋប្រមាណជាង៧០ចូលរួម សំដៅបង្កើនការផ្សារភ្ជាប់រវាងភាគីពាក់ព័ន្ធលើវិស័យកសិពាណិជ្ជកម្ម ប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។

វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជាបានកំពុងធ្វើការសម្របសម្រួលអង្គការសង្គមស៊ីវិលចូលរួមក្នុងការជំរុញប្រតិបត្តិការទទួលខុសត្រូវសង្គមរបស់សាជីវកម្មហៅកាត់ថា CSRនិងការគ្រប់គ្រងធនធានធម្មជាតិ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវ លើវិស័យកសិកម្មរបស់ក្រុមហ៊ុន និងការងារនានាទៀត៕