ទម្លាប់​មិន​ល្អ​កីឡាករ​នៅ​តែ​ជា​កង្វល់​របស់​លោក Lee Tae Hoon មុន​ពេល​​ប្រកួត​ពាន​រង្វាន់​ AFF Suzuki Cup 2016

2009
លោក Lee Tae Hoon

បាល់ទាត់៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានសម្ដែងនូវក្ដីបារម្ភជាខ្លាំង សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតវគ្គចែកពូលនៃពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៦ នៅប្រទេសមីយ៉ាន់ម៉ានាពេលឆាប់ៗខាងមុខ បន្ទាប់ពីលោកមើលឃើញទម្រង់លេងរបស់កីឡាករកម្ពុជាមានការធ្លាក់ចុះច្រើន បើធៀបនឹងការប្រមូលត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះបឋមដែលកម្ពុបានយកឈ្នះ ៣ប្រកួតជាប់គ្នានៅលើទឹកដីរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅ។t11
ការលើកឡើងបែបនេះគឺស្របពេលក្រុមជម្រើសជាតិកម្ពុជា បានប្រកួតសមជើងជាមួយក្រុមភ្នំពេញក្រោន ហើយបានយកឈ្នះដោយលទ្ធផល ៣-១ កាលពីម្សិលមិញនៅលើទីលានកីឡដ្ឋាន RSN។ ប៉ុន្តែជ័យជម្នះនេះ ត្រូវបានលោក Lee ចាត់ទុកគ្រាន់តែការប្រកួតក្រៅផ្លូវការប៉ុណ្ណោះ តែអ្វីដែលគួរឲ្យកត់សម្គាល់គឺលោកបានសង្កេតឃើញ ទម្រង់របស់កីឡាករមួយចំនួនមានការធ្លាក់ចុះ ហើយបញ្ហានេះគឺកើតឡើងដោយសារទម្លាប់មិនល្អរបស់កីឡាករ ដែលគ្មានទំនួលខុសត្រូវលើខ្លួនឯងក្នុងនាមជាកីឡាករជម្រើសជាតិ។ នេះមិនមែនជាលើកទី១ នោះទេ ដែលគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះបានត្អូញត្អែរ ប្រាប់មហាជនតាមរយៈអ្នកសារព័ត៌មាន អំពីបញ្ហាកីឡាករគ្មានទំនួលខុសត្រូវលើខ្លួនឯង ដើម្បីជំរុញឲ្យពួកគេខិតខំកែខ្លួន ដើម្បីប្រជាជន និងប្រជាជាតិរបស់ខ្លួន។ លោក Lee Tae Hoon បានបញ្ជាក់ទៀតថា ទោះជាយ៉ាងណាលោកមិនបោះបង់ក្ដីស្រម៉ៃជួយកម្ពុជានោះទេ គឺលោកបានប្ដេជ្ញាចិត្តព្យាយាមកែតម្រូវកីឡាករមួយចំនួន ទោះត្រូវប្រើរយៈពេលយូរជាមួយនឹងការតានតឹងក្នុងចិត្តក៏ដោយ។

t10
គួរបញ្ជាក់ថា ខណៈពេលនេះក្រុមជម្រើសជាតិកម្ពុជា បាននឹងកំពុងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2016 វគ្គចែកពូល ដោយកម្ពុជាស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិវៀតណាម ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដែលនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ។ ទន្ទឹមជាមួយការត្រៀមខ្លួននេះ ក្រុមជម្រើសជាតិកម្ពុជាបានឆ្លងកាត់ការប្រកួតមិត្តភាពក្នុងស្រុក ២ប្រកួតមកហើយដោយប្រកួតទី១ ស្មើក្រុមណាហ្គាវើល ០-០ ខណៈប្រកួតទី២ ពីម្សិលមិញយកឈ្នះក្រុមភ្នំពេញក្រោន ៣-១ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះក្រុមគោព្រៃកម្ពុជានេះ ក៏នឹងមានប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមម្ចាស់ផ្ទះសិង្ហបុរីជាលើកចុងក្រោយ មុនធ្វើដំណើរទៅមីយ៉ាន់ម៉ាផងដែរ៕
អត្ថបទ លី ឈុនឡា