អ៊ិន សុដាវីត៖ ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ ​គឺ​ជា​ក្ដី​ស្រម៉ៃ​ខ្លួន​តាំង​ពី​ក្មេង​

630

បាល់ទាត់៖ ខ្សែប្រយុទ្ធវ័យក្មេង អ៊ិន សុដាវីត សមាជិក នៃក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា ការក្លាយជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា គឺជាក្ដីស្រម៉ៃដ៏ធំរបស់ខ្លួនតាំងពីក្មេង ហើយគេក៏បានត្រៀមខ្លួនជាស្រេច នៅក្នុងការហែលឆ្លងឧបសគ្គទាំងឡាយ ដើម្បីសម្រេចក្ដីស្រម៉ៃរបស់ខ្លួន នៅក្នុងអាជីពបាល់ទាត់នេះទៀតផង ។

ការលើកឡើងរបស់កីឡាករ ១៨ឆ្នាំនេះ គឺស្របពេលលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កំពុងធ្វើការប្រមូលផ្ដុំកីឡាករ ២៦នាក់ សម្រាប់ត្រៀមចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2016 វគ្គចែកពូល នៅប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ ហើយក្នុងនោះក៏មានវត្តមាន អ៊ិន សុដាវីត ផងដែរ ។

អ៊ិន សុដាវីត បាននិយាយថា ការចាប់ផ្ដើមជាមួយក្រុមធំ មិនមែនជាការងាយស្រួលនោះទេ ពោលតែងតែមានការពិបាក ប៉ុន្ដែខ្លួនមិនចុះចាញ់ការលំបាកទាំងនេះឡើយ ព្រោះវាជាក្ដីស្រមៃរបស់ខ្លួនតាំងពីតូចមកម្ល៉េះ ។ ដូច្នេះទោះបីបានជាប់ ឬមិនជាប់ជម្រើស ២៣នាក់ចុងក្រោយទៅលេងពាន AFF Suzuki Cup 2016 នៅមីយ៉ាន់ម៉ាចុងខែនេះ ក៏ខ្លួនមិនបោះបង់ការខំប្រឹងដែរ គឺគេបានប្ដេជ្ញាខំប្រឹង ដើម្បីឱកាសក្រោយ ។

គួរបញ្ជាក់ថា ពេលនេះ អ៊ិន សូដាវីត កំពុងស្ថិតក្នុងបញ្ជីឈ្មោះប្រមូលផ្ដុំ នៃក្រុមជម្រើសជាតិជាមួយសិស្សច្បងចំនួន ២៥នាក់ផ្សេងទៀត ប៉ុន្ដែមុននឹងចេញទៅមីយ៉ាន់ម៉ា លោក Lee នឹងជម្រុះកីឡាករ ៣នាក់ចោល ដើម្បីទុក ២៣នាក់ទៅប្រកួតពានរង្វាន់ AFF Suzuki Cup 2016 ចាប់ពីថ្ងៃទី២០-២៦ ខែវិច្ឆិកាខាងមុខនេះ ដោយកម្ពុជា ស្ថិតក្នុងពូលB ជាមួយវៀតណាម ម៉ាឡេស៊ី និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៕

អត្ថបទ៖ លី ឈុនឡា