អ្នក​ប្រដាល់ Sergey Kovalev ​និង Andre Ward បង្ហាញ​មុខ​នៅ​ក្នុង​សន្និសីទ​ចុង​ក្រោយ​មុន​ឈាន​ដល់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៩ ស្អែក​

485

ប្រដាល់៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះកីឡាករប្រដាល់ទាំងពីរគឺ Sergey Kovalev នឹង Andre Ward បានជួបគ្នា និងនិយាយមុនការប្រកួតនៅថ្ងៃសៅរ៍ទី១៩ ស្អែកនេះនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។

 
អ្នកប្រដាល់ដែលមានរហស្សនាម Krusher, Sergey Kovalevដែលប្រកួតឈ្នះ ៣០លើក និងមិនមានប្រវត្តិប្រកួតចាញ់នោះនឹងត្រូវប្រកួតការពារខ្សែក្រវាត់ WBO, WBA នឹង IBF Light Heavyweight របស់ខ្លួនតតាំងជាមួយកីឡាករប្រដាល់សហរដ្ឋអាមេរិក Andre Ward ក៏មិនដែលចាញ់ដូចគ្នាដោយឈ្នះ ៣០ប្រកួតនឹង ១៥ប្រកួតផ្ដួលគូប្រកួតឲ្យសន្លប់ផងដែរ។ ថ្លែងនៅក្នុងសន្និសីទអ្នកប្រដាល់រុស្សីវ័យ ៣៣ឆ្នាំបានឲ្យដឹងថា គេគ្មានការព្រួយបារម្ភឡើយសម្រាប់គូប្រកួតរបស់ខ្លួនឡើយ តែការប្រកួតនៅចំពោះមុខគឺវាសំខាន់គេនឹងប្រើកលល្បិចដើម្បីផ្ដួលគូប្រកួតឲ្យបាន។ ចំណែកឯអ្នកប្រដាល់សហរដ្ឋអាមេរិកវ័យ ៣០ឆ្នាំ Andre Ward កើតនៅរដ្ឋ California និងជើងឯកពិភពលោក ២សម័យបានប្រាប់ឲ្យដឹងថា គូប្រកួតគេខ្លាំងហើយគេបានប្រុងប្រៀបខ្លួនយូរណាស់មកហើយ ដូច្នេះវាមិនមានរឿងអ្វីដែលគួរឲ្យបារម្ភឡើយ ហើយនឹងប្រាកដថាទទួលស្វាគមន៏ភ្ញៀវឲ្យបានល្អបំផុត។ គួរបញ្ជាក់ថា អ្នកប្រដាល់ក្នុងស្រុក Andre Ward គឺធ្លាប់ជាម្ចាស់ខ្សែមេដាយមាសអូឡាំពិកទីក្រុងអាតែនឆ្នាំ២០០៤ ចាំមើលថា តើអ្នកណាស្គាល់រស់ជាតិចាញ់លើកដំបូងរវាង Sergey Kovalev និង Andre Ward ដែលធ្វើការប្រកួតនៅសង្វៀន T-Mobile Arena ទីក្រុង Paradise រដ្ឋ Nevada សហរដ្ឋអាមេរិក៕
ដោយ៖ ទឹម សុវណ្ណារិទ្ធ