រដ្ឋមន្ត្រី​ការពារជាតិ​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន ជំរុញ​ការដោះស្រាយ​ប្រឈម​បង្ក​រាំងស្ទះ​ដំណើរ​វិវត្ត​អាស៊ាន​

144

ភ្នំពេញ ៖ រដ្ឋមន្ត្រីការពារជាតិបណ្តាប្រទេសជាសមាជិកអាស៊ាន បានរួមគ្នាជំរុញឲ្យមានការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាសន្តិសុខដែលកើតមានថ្មីៗនៅក្នុងតំបន់ ពិសេសបញ្ហាសន្តិសុខលំ ហរសមុទ្រ ដែលបានកើតមានឡើងនៅក្នុងពេលអាស៊ានកំពុងមានការរីកចំរើនផ្នែកខាងតួនាទីនយោបាយ និងសេដ្ឋកិច្ចនៅក្នុងពិភពលោក។

នៅក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការលើកទី១០ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែ វិច្ឆិកា នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងទៅកាន់បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ានថា ការរក្សានូវតួនាទីនយោបាយនិងសេដ្ឋកិច្ច គឺមានសារៈសំខាន់ណាស់សម្រាប់អាស៊ានក្នុងការកំណត់ឲ្យមានភាពរឹងមាំនៅក្នុងតំបន់របស់ខ្លួននាពេលអនាគត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ បន្តថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអាស៊ានបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់ខ្លួន ដោយការប្រកាន់យកតួនាទីស្នូលក្នុងដំណើរការជាច្រើន ទាំងកម្រិតថ្នាក់តំបន់ និងសកលលោក សម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។

ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្ត្រីក្រសួងការពារជាតិជាតិឡាវ និងជាប្រធានកិច្ចប្រជុំ ថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការក្នុងផ្នែក ADMM មានការរីកចំរើនឥតឈប់ឈរ ហើយលទ្ធផល ទាំងអស់នេះ បានឆ្លុះបញ្ចាំងអោយឃើញនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងសាមគ្គីភាព ឯកភាព ដែលជាស្នូលរបស់អាស៊ាន និងអាចស្ថាបនាអាស៊ានមួយ អោយទៅជាតំបន់មានសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍ស្របទៅតាមទស្សនៈអាស៊ានឆ្នាំ ២០២៥។

កិច្ចប្រជុំមន្ត្រីក្រសួងការពារជាតិអាស៊ាន ADMM លើកទី១១ ឆ្នាំ២០១៧ខាងមុខ ប្រទេសហ្វីលីពីននឹងទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានរៀបចំកិច្ចប្រជុំនេះបន្ត។ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការនេះ គឺជាវេទិកាសំរាប់រដ្ឋមន្ត្រីការជាតិអាស៊ានប្រជុំ និង ពិភាក្សាគ្នាអំពីបញ្ហាការពារជាតិ និង សន្តិសុខក្នុងតំបន់ដើម្បីដោះស្រាយរួមគ្នាចំពោះភាពប្រឈមសន្តិសុខ និង ដើម្បីលើកកម្ពស់ សន្តិភាព ស្ថិរភាព វិបុលភាពចំពោះសហគមន៍ និងប្រជាជនអាស៊ាន៕
tea-banh-go-to-loa2 tea-banh-go-to-loa1 tea-banh-go-to-loa