មន្ត្រីជាន់ខ្ពស់​បក្ស​ហ៊្វុនស៊ិនប៉ិច ​លើក​ឡើងថា​ ការ​ចាក់ចេញ​របស់​សមាជិក​មួយ​ចំនួន​គឺជា​សិទ្ធិ​របស់​ពួកគេ

258

ភ្នំពេញ ៖ អគ្គលេខាធិការប្រតិបត្តិរបស់គណបក្សហ៊្វុនស៊ិនប៉ិច  លោក សាយ ហាក់ បានលើកឡើងថា ការចាកចេញរបស់សមាជិកមួយចំនួនទៅកាន់គណបក្សដទៃគឺជាសិទ្ធិរបស់ពួកគេ គណបក្សហ៊្វុនស៊ិនប៉ិច មិនបានបណ្តេញគេនោះឡើយ ហើយមិនតែប៉ុណ្ណោះគណបក្សរាជានិយមមួយនេះ មិនខ្វល់នឹងការចាក់ចេញរបស់ពួកគេនោះឡើយ។

ការអះអាងបែបនេះ របស់អគ្គលេខាធិការរូបនេះ គឺបានធ្វើឡើង បន្ទាប់ពីសមាជិកបក្សហ៊្វុនស៊ិនប៉ិច មួយចំនួន តួចបានសម្រេចចាក់ចេញពីគណបក្ស ហ៊្វុនស៊ិនប៉ិច ទៅរួមរស់ជាមួយ និងគណបក្សខ្មែររួបរួមជាតិ កាលពីកន្លងទៅថ្មីៗនេះ តែយ៉ាងណាក្តីការចាកចេញរបស់ពួកគេនោះគឺកើតចេញពីជម្លោះបុគ្គលតែប៉ុណ្ណោះ។

ថ្លែងប្រាប់ទូរទស្សន៍ BTV News  នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក សាយ ហាក់បានលើ កឡើងថា គណបក្សហ៊្វុនស៊ិនប៉ិច  ក្រោមការដឹកនាំរបស់សម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ គឺធ្វើយ៉ាងណាខិតខំប្រមែប្រមូលរបបរាជានិយម សីហនុ និយមដើម្បី ឲ្យក្លាយជាកម្លាំងជាតិមួយដោះស្រាយបូរណភាព ទឹកដី និងជួយអភិវឌ្ឍន៍ប្រទេសជាតិឲ្យ កាន់តែរីកចំរើនខ្លាំងក្លាបន្ថែមទៀតប៉ុណ្ណោះ។

លោក សាយ ហាក់បានបន្តទៀតថា«គណបក្សមិនបានបណ្តេញបុគ្គលណាចេញពីគណបក្សនោះឡើយ ហើយថា ការចាកចេញរបស់ពួកគេតែងតែវាយបកមេចាស់របស់ខ្លួននោះគឺវាជាប្រពៃណីរបស់បុគ្គលខ្មែរយើងម្នាក់ៗទៅហើយ តែយ៉ាងណាក្តីគណបក្សគិតតែខិតខំធ្វើយ៉ាងណា ធ្វើឲ្យប្រជាជន និងប្រទេសជាតិកម្ពុជាទាំងមូលមានការរីកចំរើនកាន់តែប្រសើរបន្ថែមទៀតប៉ុណ្ណោះ»។

លោក សាយ ហាក់ បានបន្តទៀតថា គណបក្ស ហ៊្វុនស៊ិនប៉ិច  មានគោលនយោបាយជាច្រើនដូចជាគិតគូរអំពីតម្លៃកសិផលរបស់បងប្អូនប្រជាពលរដ្ឋ អំពីបូរណភាពទឹកដី អំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពាររាជា និយម សីហនុ និយម ហើយគណបក្សនេះ ក៏នៅតែជាដៃគូរជាមួយនិងគណបក្សប្រជាជនកម្ពុជា ដដែលផងដែរ ដើម្បីធ្វើយ៉ាងណាសហការគ្នាដឹកនាំប្រទេសទៅរកភាពរីកចំរើននោះ។

ជាមួយគ្នានោះដែរ លោក សាយ ហាក់ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យទៅចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីបោះឆ្នោតជ្រើសរើសបុគ្គលដឹកនាំប្រទេសដែលខ្លួនស្រលាញ់ និងចង់បាននោះ៕