កម្ពុជា​នឹង​តស៊ូ​មតិ​ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​គ្រាប់មីន​នៅ​ប្រទេស​ឈី​លី​

229

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា អះអាងថា នឹងខិតខំធ្វើការតស៊ូមតិពាក់ព័ន្ធនឹងបញ្ហាវត្តមានគ្រាប់មីនពិសេស គ្រាប់បែកចង្កោមបរទេសនៅក្នុងទឹកដីកម្ពុជា នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិលើកទី១៥ នៃអនុសញ្ញាស្តីពីហាមប្រាមការប្រើប្រាស់ ការស្តុក ការផលិត ការផ្ទេរ និងការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សជាតិ ដែលធ្វើនៅទីក្រុងសានត្យាហ្គូ ប្រទេសឈីលី នាពេលខាងមុខនេះ។

មុនចេញដំណីរចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិUN លើកទី១៥ នៅទីក្រុងសានត្យាហ្គូ ប្រទេសឈីលី  រយៈពេល៦ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូឆ្នាំ២០១៦នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ថ្លែងប្រាប់BTV ថ្ងៃទី២៥ ខែវិច្ឆិកានេះថា គម្រោងតស៊ូមតិរបស់កម្ពុជា នៅលើឆាកអន្តរជាតិពាក់ព័ន្ធនឹងបញ្ហាវត្តមានគ្រាប់មីនបរទេសនៅកម្ពុជានោះ គឺកម្ពុជាចង់បញ្ជាក់ឲ្យមតិជាតិ អន្តរជាតិដឹងថា ពេលនេះ កម្ពុជាបានកំពុងខិតខំព្យាយាមគ្រប់មធ្យោបាយប្រមូលរាល់គ្រាប់មីនគ្រប់ប្រភេទឲ្យអស់ពីក្នុងទឹកដីកម្ពុជា ហើយតាមការប្តេជ្ញាចិត្តរាជរដ្ឋាភិបាលនឹងបំបាត់ស្នូរគ្រាប់មីនផ្ទុះនៅលើទឹកកម្ពុជាឲ្យអស់ក្នុងរយៈពេល១០ឆ្នាំទៀត ពោលគឺនៅឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសលបន្តថា នៅក្នុងកិច្ចប្រជុំUN នៅប្រទេសឈឺលីនេះ  កម្ពុជា នឹងលើកឡើងផងដែរ អំពីវត្តមានគ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិច ប្រមាណជាង២៦លានគ្រាប់នៅក្នុងទឹកដីកម្ពុជា ក្នុងចំណោម៣០លានគ្រាប់នៅក្នុងឥណ្ឌូចិន ហើយថា បច្ចុប្បន្ននេះ កម្ពុជាកំពុងប្រឈមមុខជាមួយគ្រោះថ្នាក់នៃវត្តមានគ្រាប់បែកចង្កោមទាំងនោះ និងមានភាពស្មុគស្មាញ ពិបាករ៉ាវរកបំផុត។

ឯកឧត្តម បន្ថែមថា វត្តមានគ្រាប់បែកចង្កោមដែលទម្លាក់ក្នុងទឹកដីកម្ពុជាអំឡុងឆ្នាំ១៩៧០ មកដល់ពេលនេះ គឺនៅមានប្រសិទ្ធភាពនិងគុណភាពខ្ពស់ក្នុងការបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនៅកម្ពុជា នៅភាគខាងកើត ភាគកណ្តាល និងតាមខ្សែបន្ទាត់ព្រំដែនភាគខាងជើងប្រទេសកម្ពុជា ចាប់ពីប្រទេសថៃ ដល់ប្រទេសឡាវ។

គួរបញ្ជាក់ថា កិច្ចប្រជុំអង្គការសហប្រជាជាតិលើកទី១៥ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់ ការស្តុក ការផលិត ការផ្ទេរ និងការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សជាតិ នៅទីក្រុងសានត្យាហ្គូ ប្រទេសឈីលីរយៈពេល៦ថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ គឺមានបណ្តារដ្ឋសមាជិក និងរដ្ឋមិនមែនរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ ព្រមទាំង រដ្ឋសមាជិកអនុសញ្ញាអូតាវ៉ា១៤០ប្រទេសត្រូវបាន UN អញ្ជើញចូលរួម ហើយកិច្ចប្រជុំនេះ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ និងធ្វើជា ប្រធាននៃកិច្ចប្រជុំលើកទី១១ ក្នុងឆ្នាំ២០១១ កន្លងមកទៅ៕

serey-kosal3 serey-kosal2 serey-kosal1 serey-kosal