ក្រុមហ៊ុន​ចំនួន​៤ មកពី​ហុងកុង​សិក្សា​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាបូប​នៅ​កម្ពុជា​

241

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៤ មកពីហុងកុងបានសិក្សាពីគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃកាបូបនៅកម្ពុជា ហើយគម្រោងនេះកើតមាន ខណៈប្រតិភូមួយក្រុម ដែលមកទស្សនកិច្ចនៅកម្ពុជាជួបជាមួយស្ថាប័នជំនាញរាជរដ្ឋាភិបាលនៅចុងខែវិច្ឆិកានេះ។

កញ្ញា សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងនៅថ្ងៃទី២៨ ខែវិច្ឆិកានេះថា ប្រតិភូវិនិយោគិនចិនមានបំណង ពិភាក្សាអំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា ដែលជាធម្មតាទេ កាលណាកម្ពុជាទទួលពង្រីកប្រព័ន្ធអនុគ្រោះពន្ធគយ (GSP) ពីអាមេរិកហើយសកម្មភាពនៃការវិនិយោគចាប់ផ្តើមសម្លឹងមើលពីឱកាសវិនិយោគតែម្តងជាក់ស្តែងវិនិយោគិនហុងកុងតែម្តង ដែលថ្មីៗនេះបានមកសិក្សាស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាទាក់ទងនិងគម្រោងបង្កើតរោងចក្រ។

កញ្ញាបានបន្តទៀតថា សព្វថ្ងៃកម្ពុជាកំពុងតែទាក់ទាញអ្នកវិនិយោគផ្នែកផលិតនិងសម្ភារៈធ្វើដំណើរ ដែលអាចនាំចេញទៅសហរដ្ឋអាមេរិក ដោយរួចពន្ធ។ ប៉ុន្តែ សំខាន់អ្វីដែលកម្ពុជាមានអ្នកជំនាញផ្នែកផលិតអត់ ហើយបើមានអាចជួយពង្រីកលទ្ធភាពបន្ថែមទៀត ពិសេសអាចបង្កើតការងារដល់កូនខ្មែរ។

អ្នកនាំពាក្យខាងលើបន្ថែមថា ខាងវិនិយោគិនខាងលើគ្រាន់តែមកសិក្សាពីក្របខណ្ឌសេដ្ឋកិច្ចនិងគោលនយោបាយរបស់កម្ពុជា ដើម្បីដឹងថា តើកម្ពុជាអាចទ្រទ្រង់បានកម្រិតណា។លើសពីនេះ បើសិនគម្រោងនេះមកពិតប្រាកដមែននឹងបង្កើតការងារថ្មីៗ និងជំនាញបច្ចេកទេសថែមទៀត។

ចំណែក លោក កាំង ម៉ូលីកា អគ្គលេខាធិការងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបានលើកឡើងថា កាលណាវិនិយោគិនគេមកកម្ពុជាច្រើនគឺ បង្កើតការងារជូនដល់ប្រជាជនផ្ទាល់នឹងជំរុញសេដ្ឋកិច្ចជាតិទាំងមូលដល់ប្រទេសកម្ពុជា។

លោកបានបន្តទៀតថា ទាក់ទងនិងការដេរកាបូបធនធានមនុស្សកម្ពុជាមានច្រើនអាចធ្វើបានមិនមានបញ្ហាអ្វីកើតឡើងទេ ដោយសារតែកន្លងមកកម្ពុជាមានរោងចក្រផលិតកាបូបចំនួនជាង ១០មកហើយ ដែលមានទីតាំងស្ថិតខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញជាដើម។

លោកបានបន្ថែមថា តាមពិតនេះ ជាការទាក់ទាញការវិនិយោគបន្ថែមទៀត តាមរយៈដែលសហរដ្ឋអាមេរិកបានផ្តល់ឲ្យកម្ពុជាតាំងពីខែកក្កដាកន្លងមក ហើយនេះជាឱកាថ្មីបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានទទួលជួបប្រតិភូវិនិយោគិនចិនដើម្បីពិភាក្សាអំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា ហើយប្រតិភូចិនមានគំនិតសាងសង់រោងចក្រមួយទំហំប្រហែលជា ២.០០០ កម្មករហើយក៏មានគំនិតផងដែរក្នុងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស។

កម្ពុជានៅតែទទួលបានសម្បទានពិសេសពីសហគមន៍អ៊ឺរ៉ុបក្រោមកម្មវិធី «អ្វីទាំងអស់លើកលែងតែសព្វាវុធ (EBA)» ហើយជាមួយនឹងការពង្រីកប្រព័ន្ធអនុគ្រោះពន្ធគយ (GSP) របស់សហរដ្ឋអាមេរិកបានផ្ដល់ឱកាសដល់កម្ពុជាក្នុងការនាំយកផលិតផលសម្រាប់ធ្វើដំណើរចូលទៅក្នុងទីផ្សាររបស់អាមេរិកដោយមិនមានបង់ពន្ធ៕