សស​យក​ ខេត្តបន្ទាយមានជ័យ​ នឹង​ចូលរួម​ស្តា​រ​ពើក​ក្នុង​កសិណ និង​សម្អាត​ព្រៃ​នៅ​ក្រុម​ប្រាសាទ​បន្ទាយឆ្មា

492

បន្ទាយមានជ័យ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ខេត្តបន្ទាយមានជ័យ ប្រកាសថា នឹងចូលរួមការងារអភិរក្ស និងអភិវឌ្ឍន៍វិស័យវប្បធម៌ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះមានសកម្មភាព ស្តារសម្អាតពើក ក្នុងកសិណ និងកាប់ឆ្ការព្រៃ នៅប្រាសាទបន្ទាយឆ្មារព្រមទាំងប្រាសាទតាណែមនាពេលខាងមុខ។

លោកស្រី ម៉ៅ ម៉ាល័យ ភរិយាលោកឧបនាយករដ្ឋមន្ត្រីកែ គឹម ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខេត្តបន្ទាយមានជ័យ អោយដឹង នៅថ្ងៃទី២៩ វិច្ឆិកាឆ្នាំ២០១៦ បន្ទាប់ពីបានចុះទៅទស្សនាស្វែងយល់ នៅប្រាសាទបន្ទាយឆ្មារ ប្រាសាទតាណែម ប្រាសាទសំណាង តាសុខនុង ប្រាសាទតាព្រហ្ម នៅឃុំបន្ទាយឆ្មារស្រុកថ្មពួកថា សសយក នឹងចូលរួម ស្តារសម្អាតពើក ក្នុងកសិណ និងកាប់ឆ្ការព្រៃ នៅប្រាសាទបន្ទាយឆ្មារព្រមទាំងប្រាសាទតាណែមនាពេលខាងមុខ។

អនុប្រធានសហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារ លោក ម៉ៅ ស៊ី កន្លងមក ការអភិរក្ស និងអភិវឌ្ឍន៍ លើប្រាសាទបន្ទាយឆ្មារ និងក្រុមប្រាសាទដទៃទៀត ដែលនៅរណបជុំវិញនោះ គឺបានធ្វើឡើងវិញក្រោយ សម័យសង្គ្រាមស៊ីវិលពីឆ្នាំ១៩៩៣មកម្ល៉េះ ដែលធ្វើដោយសហគមន៍ ជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីស៊ីវិល កងកម្លាំងនៅមូលដ្ឋានភូមិឃុំស្រុករហូតខេត្ត។

លោក បន្តថា បន្ទាប់មក ក៏មានការជួយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពីរាជរដ្ឋាភិបាល និងពីអង្គការដៃគូអភិវឌ្ឍន៍ ក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិផងដែរ នូវការកែលម្អសោភ័ណភាព ការដាំកូនឈើ ការរៀបចំព្រឹត្តិការណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អ្នកស្រាវជ្រាវនានា។

ទាក់ទងនឹង ការស្តារពើកនេះ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អះអាងថា លោកស្រី និងក្រមការងារនៃសសយក និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងពិនិត្យ ពិចារណាជួយសម្អាតពើក វារីជាតិក្នុងកសិណជុំវិញប្រាសាទ និងជួយកាប់ឆ្ការ សម្អាតព្រៃស្មៅ បន្លារទាំងក្រៅ និងក្នុងប្រាសាទបន្ទាយឆ្មា ក៏ដូចជាប្រាសាទនានា រណបជុំវិញប្រាសាទនេះនាពេលខាងមុខដ៏ខ្លី។

ប្រាសាទបន្ទាយឆ្មា ជាប្រាសាទ១ ដែលតែងតែទាក់ទាញ ភ្លៀវទេសចរណ៍ជាតិ ជាឥស្សរជន ថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រមុខថ្នាក់ដឹកនាំកំពូល ព្រះមហាក្សត្រ បានអញ្ជើញ យាងមកទស្សនា ក៏ដូចធ្វើពិធីសំខាន់ៗ ព្រមទាំងមានការចូលទស្សនាពី ក្រុមការងារបច្ចេកទេសជំនាញជាតិ អន្តរជាតិ មកសិក្សា ស្រាវជ្រាវ និងត្រៀមបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផង៕

bthaysrey5 bthaysrey4 bthaysrey3 bthaysrey2 bthaysrey1 bthaysrey